កីឡា

អ្នកប្រដាល់ រិន សារដ្ឋ ក្លាយជាជើងឯក នៃ TV5 Boxing Knock-Out serie by K-Cement ទម្ងន់៦៣,៥០គីឡូក្រាម

ភ្នំពេញ ៖ ប្រដាល់ជើងខ្លាំងរិន សារដ្ឋ ក្លិបកងទ័ពជើងទឹក គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួកកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out serie by K-Cementទម្ងន់៦៣,៥០គីឡូក្រាម បន្ទាប់ពីយកឈ្នះ អ្នកប្រដាល់ជើងខ្លាំង សោម វិឆ័យ ក្លិបពន្លឺវិបុល នៅផ្ដាច់ព្រ័ត្រ ។

អ្នកប្រដាល់៣២រូប មកពីក្លិបចំនួន៣២ ទូទាំងប្រទេស មានតែអ្នកអ្នកប្រដាល់ រិន សារដ្ឋ មួយរូបគត់ ដែលមិនស្គាល់ចាញ់ នៅក្នុងព្រឹត្តិការណ៍នេះ ចំណែកសារដ្ឋ ប្រកួតផ្ដាច់ព្រ័ត្រ ជាមួយអ្នកប្រដាល់ជើងខ្លាំង សោម វិឆ័យ ក្លិបពន្លឺវិបុល ដែលជាអ្នកបានទទួលជ័យជំនះ នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រដូចគ្នា ។

ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ ពិតជាតឹងតែងមែន ដោយសារតែពួកគេត្រៀមខ្លួនបានល្អ ហើយមានមហិច្ឆតារប្រជែងយកពាន ដែលមានថវិកា អមចំនួន៤.០០០ដុល្លារដូចគ្នា មុនពេលប្រកួតពួកគេសុទ្ធ តែអះអាងថា នឹងវ៉ៃឲ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាជើងឯក ឲ្យបានដូចគ្នា ។

វិឆ័យ ដែលមានអំណួតជើងធ្ងន់នោះ បែរជាទាត់ចេញមិនរួច ដោយសារតែញញើតកែង របស់សារដ្ឋ តែសារដ្ឋក៏មិនហ៊ានប្រហែសដែរ ដោយសារតែកណ្ដាប់ដៃ និងការទាត់ចេញ របស់វិឆ័យ ងាតនឹងស៊ីកញ្ចឹង ក ណាស់ ។ការប្រកួតដែលមាន៣ទឹកនោះរិន សារដ្ឋបានទទួលជ័យជម្នះ លើសោម វិឆ័យដោយពិន្ទុ ។

ចៅក្រមទាំង៥រូប សុទ្ធតែផ្ដល់ពិន្ទុឲ្យសារដ្ឋ ឈ្នះគ្រប់ៗគ្នា ចំណែករិន សារដ្ឋប្រជែងបានពានជើងឯក ដែលមានប្រាក់រង្វាន់ អមចំនួន៤.០០០ដុល្លារ ចំពោះវិឆ័យ ដែលជាជើងឯករង បានទទួលពាននឹងរង្វាន់ អមចំនួន២.០០០ដុល្លារ ។

ចំពោះការប្រកួតដណ្ដើម ចំណាត់ថ្នាក់លេខ៣វិញនោះ ពុយ វណ្ណៈ ក្លិបវឃ្លាំងមឿងកីឡា បានយកឈ្នះអ្នកប្រដាល់ វ៉ែន ហុងជីវ៉ុង មកពីក្លិបកងកេងមានរិទ្ធ ខេត្តបាត់ដំបង ដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែចាញ់នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រដូចគ្នា ហើយការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ របស់ពួកគេទាំង២ មានលក្ខណៈតឹងតែងជាខ្លាំង ។ វណ្ណៈបានជ័យជំនះលើជីវ៉ុង ទាំងប្រផិតប្រផើយប៉ុណ្ណោះ ដូច្នេះវណ្ណៈ ដណ្ដើមបានចំណាត់ថ្នាក់ បានទទួលពានមួយនិងថវិកា អមចំនួន៧៥០ដុល្លារ ចំពោះវ៉ែន ហុងជីវ៉ុង ដែលបានចំណាត់ថ្នាក់លេខ៤ បានទទួលពានមួយ និងថវិកាលួងចិត្ត ចំនួន៥០០ដុល្លារ ៕
ដោយ៖លី ភីលីព

Most Popular

To Top