បរទេស៖ ប្រទេសនូវែលសេឡង់ តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃសុក្រនេះថា ខ្លួននឹងទិញយក យន្តហោះដឹកជញ្ជូន C-130J-30 Super Hercules ចំនួន៥គ្រឿង ពីក្រុមហ៊ុនការពារជាតិដ៏ល្បី របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Lockheed Martin ដើម្បីយកមកប្រើប្រាស់ជំនួស កងយន្តហោះដែលមានស្រាប់របស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសនូវែលសេឡង់ លោក Ron Mark បានមានប្រសាសន៍យ៉ាងដូច្នេះថា “រួមជាមួយកងយន្តហោះថ្មីទាំងនោះ គម្រោងប្រាក់១,៥២១ពាន់លានដុល្លារ នឹងផ្តល់នូវម៉ាស៊ីនសាកល្បង ហោះហើរបេសកកម្មពេញលេញ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ”។ យន្តហោះទីមួយ នៅក្នុងចំណោមយន្តហោះ Hercule ថ្មីនោះ នឹងត្រូវបញ្ជូនមកឲ្យ នៅក្នុងឆ្នាំ២០២៤ ដោយកងយន្តហោះទាំងស្រុង នឹងធ្វើប្រតិបត្តិការ ចាប់ពីឆ្នាំ២០២៥ទៅ។
ក្រៅពីនោះ ប្រទេសនូវែលសេឡង់ ក៏នឹងចាប់ផ្តើមការងារក្នុងឆ្នាំ២០២១ ស្តីពីការធ្វើទំនើបកម្មសមត្ថភាព ចល័តតាមដែនអាកាសរបស់ខ្លួន នៅពេលដែលជម្រើសត្រូវ បានពិចារណា សម្រាប់ជំនួសយន្តហោះ Boeing 757 ចំនួនពីរគ្រឿង ដែលប្រើការដោយកងទ័ពអាកាស របស់ប្រទេសនូវែលសេឡង់៕ ប្រែសម្រួល៖ប៉ាង កុង
