ភ្នំពេញ៖ បណ្ឌិតសភាតេក្វាន់ដូកម្ពុជា បានសហការជាមួយ ខេមរសហព័ន្ធកីឡាតេក្វាន់ដូWT នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២០ រៀបចំការប្រកួតមេគុន តាមអនឡាញលើកទី២ នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជា ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីពង្រឹកសមត្ថភាព កីឡាករ-កីឡាការិនី ហ្វឹកហាត់តាមផ្ទះ ឲ្យកាន់ខ្លាំងឡើងថែមទៀត។
លោក ហែម សំណាង អនុប្រធាន នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ការប្រកួតមេគុន តាមអនឡាញលើកទី២នេះ ដោយមានពីក្លិបចំនួន៧ ដែលមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១៥នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។
ដំបូងយើងតម្រូវឲ្យ ក្លិបកីឡាតេក្វាន់ដូWT ជាសមាជិកខេមរសហព័ន្ធ ត្រូវថតវីដេអូកីឡាករ-កីឡាការិនី ប្រឡងផ្ញើមកខេមរសហព័ន្ធរួមមាន ឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវាត់។
លោកបានបន្តថា យើងទុកឲ្យឳកាសរយៈពេល១០ថ្ងៃ គឺចាប់ផ្តើមថ្ងៃទី២០ ដល់៣០ ខែឧសភា ឆ្នាំ២០២០ ហើយគណៈកម្មាធិការ សម្រេចជ្រើសរើស ប្រកួតប្រឡងតាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន៣។ ការប្រកួតនេះធ្វើឡើង ដើម្បីជំរុញការហ្វឹកហាត់ តាមផ្ទះកាន់តែខ្លាំង ដូច្នេះធ្វើឲ្យកីឡាករ-កីឡាការិនីយើង មានសកម្មភាពរស់រវើកថែមទៀត។ យើងមានការពិបាកខ្លះ ដោយសារឳពុកម្តាយកីឡាករ-កីឡាការិនី ដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហម មិនអនុញ្ញាតខ្លាចមេរោគកូរ៉ូណា៕ ដោយ៖លី ភីលីព



