ព្រឹត្តិការណ៍

នាវាពិឃាត អាមេរិក USS Russell ធ្វើដំណើរឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់

បរទេស ៖ មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្នុងពេលថ្មីៗនេះថា នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិក USS Russell ទើបបានបំពេញប្រតិបត្តិការ ធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកខ័ណ្ឌ ចែកប្រទេសចិន និងកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ។

នាវាពិឃាតសមត្ថភាពមីស៊ីល ប្រភេទ Arleigh Burke បានធ្វើប្រតិបត្តិការឆ្លងកាត់នេះ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាផ្ទុកយន្តហោះដ៏ថ្មីបំផុត របស់ប្រទេសចិន Shangdong បានចាកចេញពីតំបន់ និងធ្វើដំណើរឆ្ពោះទៅទិសខាងជើង សម្រាប់ដំណើរតេស្តសាកល្បង លើដែនសមុទ្រ នៅក្នុងសមុទ្រលឿង ។

លោក Reann Mommsen ជាមន្ត្រីនាំពាក្យរបស់កងកម្លាំងនាវា លេខ៧ របស់សហរដ្ឋអាមេរិក បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មាន USNI ដូច្នេះថា “នាវាពិឃាត Russell បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃទី០៤ដល់ថ្ងៃទី០៥ ដោយអនុលោម ទៅតាមច្បាប់អន្តរជាតិ” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top