បរទេស៖ មុននេះក្រសួងការបរទេសចិន បានព្រមានចក្រភពអង់គ្លេស អំពីផលវិបាកនានាជុំវិញការចោទប្រកាន់អំពី «ការជ្រៀតជ្រែកសរុប» និង «ការកត់សម្គាល់ដែលមិនទទួលខុសត្រូវ» ទាក់ទងនឹងកិច្ចការហុងកុង និងបញ្ហាក្នុងស្រុករបស់ចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមកាសែត The Sun ដែលបានរាយការណ៍ថា ប្រទេសចិនបានព្រមានអង់គ្លេស ឱ្យបញ្ឈប់ការជ្រៀតជ្រែក របស់ខ្លួននៅក្នុងកិច្ចការហុងកុង ឬប្រឈមនឹង“ ផលវិបាក” ។
លោក Chen Wen រដ្ឋមន្រ្តី និងជាសមាជិកបុគ្គលិកដំបូងនៃស្ថានទូតចិននៅទីក្រុងឡុងដ៍ បានប្រាប់លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេសថា ប្រទេសនេះត្រូវតែបោះបង់ចោលនូវ “ ស្ថានភាពនៃអាណានិគម” របស់ខ្លួន។
លោក Chen Wen នៅលើកញ្ចក់ទូរទស្សន៍ BBC World បាននិយាយថា“ យើងជឿជាក់ថា ប្រជាជនហុងកុងដែលកើតនៅហុងកុងគឺជាជនជាតិចិន។ វានឹងមានផលវិបាក, ប្រាកដណាស់” ។
ក្រោយមកមន្រ្តីរូបនោះបានដកពាក្យសម្តីវិញ ដោយបដិសេធសេចក្តីថ្លែងការណ៍របស់លោកស្រី ដែលត្រូវបានគេភ្ជាប់ជាការគំរាមកំហែងហើយបានសង្កត់ធ្ងន់ថា វាជាផែនការផ្តល់ទិដ្ឋាការរបស់ចក្រភពអង់គ្លេសសម្រាប់ប្រជាជនហុងកុង ដែលជាការគំរាមកំហែងពិតប្រាកដ៕
ប្រែសម្រួលៈ ណៃ តុលា
