ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា កន្លងមកថ្នាក់ដឹកនាំ CAMSOC បានខិតខំជាខ្លាំង ដើម្បីអនុវត្តផែនការមេ ផែនទីបង្ហាញផ្លូវការ ដោយរួមផ្សំបទពិសោធន៍ ចូលរួមព្រឹត្តិការណ៍ធំៗជាច្រើន ដើម្បីបង្កើនថាមពល ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ។
លោកបានបន្តថា Logo និង Mascot ក៏ត្រូវបានថ្នាក់ដឹកនាំធ្វើការ ប្រជុំវាយតម្លៃជាច្រើនលើកផងដែរ មុនធ្វើការសម្រេច ។
លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធី ប្រកាសជាផ្លូវការជយលាភីស្លាកសញ្ញា (Logo) និងរូបសត្វតំណាង (Mascot) សម្រាប់ប្រើផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣និងពិធីរាប់ថយក្រោយ ១០០០ ថ្ងៃ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោកបានបញ្ជាក់ថា Logo,Mascot និងបាវចនា(Motto) របស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានឆ្លងកាត់កិច្ចប្រជុំវាយតម្លៃជាច្រើនលើក រហូតដល់ថ្ងៃទី២ ខែកក្កដា ទើបសម្ដេចពិជ័យសេនា ទៀ បាញ់ សម្រេចជ្រើសរើសស្នាដៃចុង ក្រោយរបស់បេក្ខជនម្នាក់ និងបេក្ខនារីម្នាក់ ព្រមទាំងសម្រេចជ្រើសរើសបាវចនា “កីឡារត់ក្នុងសន្ដិភាព – SPORT LIVE IN PEACE” ដើម្បីគោរពជូនសម្ដេចតេ ជោនាយករដ្ឋមន្ដ្រី ធ្វើការពិនិត្យ និងសម្រេចចុងក្រោយ ហើយសម្ដេចតេជោ បានសម្រេចផ្លូវការ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
អនុប្រធានអចិន្រ្តៃយ៍ CAMSOC បានបន្ថែមថា «ឥឡូវនេះយើងនៅសល់ពេល ១០០០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។ រយៈពេល ១០០០ថ្ងៃ ជាពេលវេលាដ៏សំខាន់ ក្នុងយុទ្ធនាការត្រៀមលក្ខណៈសម្បត្តិ ឲ្យបានគ្រប់ជ្រុងជ្រោយ ដោយត្រូវពង្រឹងស្មារតី សាមគ្គីភាពផ្ទៃក្នុងការយោគយល់គ្នា និងភាពចុះសម្រុង ប្រទាក់ក្រឡារវាងគណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ ដោយជម្នះរាល់ឧបសគ្គរាំងស្ទះ ដល់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា» ៕
ដោយ៖ លី ភីលីព



