ព្រឹត្តិការណ៍

ទំនប់​វា​រី​អគ្គិសនី​ថ្មី​មួយទៀត ​តម្លៃ ១៦០លាន​ដុល្លារ​ នឹង​ចាប់​សាងសង់​ នៅក្នុង​ខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ ក្រោម​ការវិនិយោគ​ ដោយ​ក្រុមហ៊ុន​កូរ៉េ ទំនប់​វា​រី​អគ្គិសនី​ថ្មី​មួយទៀត មាន​អានុភាព​ផលិត​ថាមពល៨០មេ​ហ្គា​វ៉ា​ត់ ដែល​គ្រោង​ចំណាយ​ទុនវិនិយោគ ១៦០លាន​ដុល្លារ​អាមេរិក ស្ថិតនៅ​ស្ទឹង​ខេត្តពោធិ៍សាត់ អាច​នឹង​ចាប់ផ្តើម​សាងសង់​ ក្នុងពេលឆាប់ៗខាងមុខនេះ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា គម្រោង​សាងសង់ ​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ដូច​បានបង្ហាញ​ជូន​ខា​ង​លើ​នេះ មាន​អានុភាព​ផលិត​ថាមពល ៨០មេ​ហ្គា​វ៉ា​ត់ អាច​នឹង​ចាប់ផ្តើម​ក្នុងពេលឆាប់ៗខាងមុខ ដែលជា​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េ។

លោក​បាន​បញ្ជាក់ថា “រដ្ឋាភិបាល និង​អជ្ញាធរ​ខេត្ត រួម​ជាមួយនឹង​អ្នកតំណាង​ក្រុមហ៊ុន​វិនិយោគ បាន​ចុះ​ពិនិត្យ​ទីតាំង​ត្រួសត្រាយ​ដោះមីន ចូលទៅ​កាន់​ទីតាំង​សាងសង់​ ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​រួចរាល់​ហើយ ត្រង់ចំណុច​តំបន់​ចិន​យំ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ គ្រោង​នឹង​ប្រើប្រាស់​ថវិកា​សាងសង់​ ប្រមាណ ១៦០លាន​ដុល្លារ​អាមេរិក” ។

លោក​បន្តថា ការស្ថាបនា​បន្ថែម​ នូវ​កន្លែង​ផលិត​ថាមពល​អគ្គិសនី​នេះ មិនមែន​សម្រាប់​ប្រើប្រាស់ តែ​នៅក្នុង​ភូមិសាស្ដ្រ ខេត្តពោធិ៍សាត់​នោះទេ ពោល​គឺអាច​ចែកចាយ និង​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​តែម្ដង។ លើសពីនេះ​ទៀត គម្រោង​នេះ ​ក៏​នឹង​ជួយ​ធានា ​ដល់​សន្តិសុខ​ថាមពល​ក្នុងស្រុក​ផងដែរ ពោលគឺ​កាត់បន្ថយ​ការ​នាំចូល​ប្រភព​ ថាមពល​អគ្គិសនី​ពី​បរទេស។

គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន៧កន្លែង​ហើយ ដោយ៦កន្លែង ស្ថិតនៅ​ភាគខាងត្បូង​ឈៀង​ខាងលិច នៃ​ប្រទេស​កម្ពុជា មានដូចជា វា​រី​អគ្គិសនី​អា​តៃ វា​រី​អគ្គិសនី​កំចាយ នៅ​ខេត្តកំពត វា​រី​អគ្គិសនី​គីរីរម្យ១ វា​រី​អគ្គិសនី​គីរីរម្យ៣ នៅ​ខេត្តកំពង់ស្ពឺ វា​រី​អគ្គិសនី​តា​តៃ និង​វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ នៅ​ខេត្តកោះកុង។ ចំណែក​មួយកន្លែង​ទៀត​គឺ​វា​រី​អគ្គិសនី សេ​សាន​ក្រោម២ស្ថិតនៅ​ខេត្តស្ទឹងត្រែង ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា។

កាលពី​អំឡុង​ឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាល​សម្រេច ​ឱ្យមាន​ការសាងសង់ កន្លែង​ផលិត​ថាមពល​អគ្គិសនី​ថ្មី រួមមាន វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​មួយ ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល​ បាន៨០មេ​ហ្គា​វ៉ា​ត់ និង​ស្ថានីយ​អគ្គិសនី ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល​ បាន៦០មេ​ហ្គា​វ៉ា​ត់៕ ដោយៈ រ៉ា​ណេ​ត

ប្រភព៖ propertyarea

Most Popular

To Top