ប្លែកៗ

យោធាសហរដ្ឋអាមេរិក មានទស្សនវិស័យការពារ យ៉ាងទូលំទូលាយ ចំពោះទីតាំងប្រេងស៊ីរី

បរទេស៖មន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងច្រាន ចោលការប៉ុនប៉ងណាមួយ ដែលយកទីតាំងប្រេងស៊ីរី ចេញពីកងជីវពលដែលគាំទ្រដោយអាមេរិក មិនថា ជាគូបដិបក្ខ គឺគក្រុមរដ្ឋឥស្លាមជ្រុលនិយម ឬក៏កងកម្លាំងដែលគាំទ្រដោយរុស្ស៊ី ឬក៏ស៊ីរីនោះទេ។


រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានមានប្រសាសន៍ដូច្នេះថា “កង ទ័ព សហរដ្ឋអាមេរិក នឹងនៅតែឈរជើងនៅក្នុងតំបន់យុទ្ធសាស្ត្រនេះ ដើម្បីរារាំងមិនឲ្យពួក ISIS ក្តោបយកធនធានដ៏សំខាន់ទាំងនោះ ហើយយើងនឹងឆ្លើយតបដោយប្រើកម្លាំងយ៉ាងខ្លាំងក្លា ប្រឆាំងក្រុមណាមួយ ដែលគម្រាមកំហែងសុវត្ថិភាពកងកម្លាំងរបស់យើងនៅទីនោះ”។


គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនកំពុងតែបន្ថែមពង្រឹងគោលជំហររបស់ខ្លួននៅក្នុងប្រទេសស៊ីរី ជាមួយនឹងសម្ភារៈយោធាបន្ថែម ដែលរួមមានទាំងកងកម្លាំងមេកានិក ដើម្បីរារាំងមិនឲ្យទីតាំងប្រេងធ្លាក់ទៅក្នុងដៃរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម ដែលនៅសេសសល់ ឬក៏ក្រុមផ្សេងទៀត៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top