ប្លែកៗ

ប្រធានាធិបតី ប្រេស៊ីលថា ចិននិងប្រេស៊ីល កើតមកដើម្បី ដើរជាមួយគ្នា តែលោកគ្មានការប្តេជ្ញាចិត្ត ចុះហត្ថលេខា លើគម្រោង គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិនឡើយ

បរទេស៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានជួបសមភាគីចិន គឺលោកស៊ីជីនពីង នៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រដោយភាគីទាំងពីរសន្យាថា នឹងធ្វើឱ្យប្រសើរឡើងនូវការវិនិយោគទ្វេភាគី ប៉ុន្តែគ្មានការប្តេជ្ញាចិត្តពីប្រេស៊ីលក្នុងការចុះហត្ថលេខាលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនឡើយ។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថា លោកស៊ីបានប្រាប់លោក Bolsonaro ថាប្រទេសចិននិងប្រេស៊ីល គួរតែបន្តគាំទ្រដល់ការអភិវឌ្ឍទៅវិញទៅមក ផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងការទូតនិងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេ។

លោក ស៊ី ត្រូវបានដកស្រង់សម្តីដែលថា « នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់យើង និងជម្រើសរយៈពេលវែង។ វានឹងទប់ទល់នឹងការសាកល្បងនៃការផ្លាស់ប្តូរសកលដ៏ធំមួយ ហើយនឹងមិនត្រូវរង្គោះរង្គើ ឬរងឥទ្ធិពលពីឥទ្ធិពលខាងក្រៅ» ។

យោងតាមស៊ីនហួ មេដឹកនាំទាំងពីរបានទទួលស្គាល់ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ “ អាចត្រូវបានផ្សារភ្ជាប់” ជាមួយនឹងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ប្រេស៊ីល ប៉ុន្តែប្រទេសប្រេស៊ីលមិនបានប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការចុះហត្ថលេខាលើផែនការហេដ្ឋារចនាសម្ព័ន្ធ និងផែនការភ្ជាប់ដ៏មានមហិច្ឆតារបស់ចិនឡើយ។

ប្រទេសចិនបានផ្សព្វផ្សាយផែនការដែលមានទឹកប្រាក់ច្រើនកោដិដុល្លារ ជាកិច្ចព្រមព្រៀងផ្តល់ផលប្រយោជន៍ដល់ដៃគូផ្សេងៗ ប៉ុន្តែវាក៏បានទទួលការរិះគន់យ៉ាងខ្លាំងផងដែរ ពីបណ្តាប្រទេសនានាដូចជាសហរដ្ឋអាមេរិកថា វាជា“ អន្ទាក់បំណុល” សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលពាក់ព័ន្ធទៅវិញ។

នៅក្នុងវេទិកាដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រ លោក Bolsonaro បាននិយាយថា «ប្រទេសចិននិងប្រេស៊ីល បានកើតមកដើម្បីដើរជាមួយគ្នា ហើយរដ្ឋាភិបាលទាំងពីរបានចុះសម្រុងគ្នាតាមរបៀបមួយដែលឈានដល់ទំនាក់ទំនងពាណិជ្ជកម្ម និងជំនួញរបស់យើង»។ នេះបើតាម Bloomberg។

នៅក្នុងវេទិកានោះដែរ លោកឧបនាយករដ្ឋមន្រ្តី ហ៊ូឈុនហួ បានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនការនាំចូលទំនិញកសិកម្ម និងឧស្សាហកម្មពីប្រទេសប្រេស៊ីល ហើយប្រទេសទាំងពីរអាចធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ។

ក៏ដូចជាចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក នៅប្រទេសស៊ីលីផងដែរ លោកស៊ី រំពឹងថា នឹងធ្វើទស្សនកិច្ចនៅប្រទេសប្រេស៊ីលនៅខែក្រោយ សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ BRICS របស់មេដឹកនាំមកពីប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រេស៊ីលអស់រយៈពេលមួយទសវត្សរ៍ហើយ គឺជាប្រភពដ៏សំខាន់នៃការវិនិយោគបរទេស។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតគឺ ១០០ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដោយប្រទេសចិនគឺជាអ្នកទិញធំបំផុតនៃការនាំចេញរបស់ប្រេស៊ីល ដែលភាគច្រើនជាទំនិញដូចជាសណ្តែកសៀង កប្បាស និងពោត។

ប្រទេសប្រេស៊ីលបានត្រៀមខ្លួនលក់សណ្តែកសៀងបន្ថែមទៀតទៅប្រទេសចិន ចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ហើយក៏សង្ឃឹមថា នឹងបង្កើនការនាំចេញសាច់ផងដែរ នៅពេលដែលប្រទេសចិន កំពុងដោះស្រាយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការរាតត្បាតប៉េស្តជ្រូកអាហ្វ្រិក៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top