ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នាព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២០បានបើកកិច្ចប្រជុំ ការងារប្រចាំខែរបស់ខ្លួន និងទិសដៅយុទ្ធសាស្រ្តត្រៀមការប្រកួតSEA GAMES 2023 ដោយមានការអញ្ជើញចូលរួម ពីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាជាមួយ សមាជិកប្រតិបត្តិ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធបានប្រាប់ឲ្យដឹងថា សហព័ន្ធបានរៀបចំទិសដៅយុទ្ធសាស្រ្តត្រៀមការប្រកួត SEA GAMES 2023 ដោយក្នុងនោះផ្នែកហ្វឹកហាត់របស់កីឡាករ-កីឡាការិនីដើម្បីចម្រាញ់ជ្រើសរើសអត្តពលិកឆ្នើមចូលរួមព្រឹត្តិកាណ៍ការប្រកួត SEA GAMES 202១ នៅប្រទេសវៀតណាម ដោយយើងធ្វើការប្រកួតតាមដំណាក់កាលនីមួយៗក្នុងការស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសរបស់ពួកគេយើងតាមផែនការមេរបស់ប្រធានសហព័ន្ធ។
លោកគៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ការប្រកួត SEA GAMES 202១ នៅប្រទេសវៀតណាមជាចំណុចសំខាន់សម្រាប់សំឡឹងមើលសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុក្នុងការត្រៀមខ្លួនព្រឹត្តិកាណ៍ការប្រកួត SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ដូច្នេះការជ្រើសរើសកីឡាករ-កីឡាការិនីត្រូវមើលឲ្យបានឆ្ងាយ ជាពិសេសយើងត្រូវស្វែងរកកីឡាករ-កីឡាការិនីកូនខ្មែររស់នៅក្រៅប្រទេសដោយអញ្ជើញឲ្យពួកគេចូលរួមប្រកួតមិត្តភាពជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ។
លោកបានបន្តថា ការប្រកួតមិត្តភាពនេះមានសារសំខាន់ណាស់ ប្រសិនបើកីឡាករ-កីឡាការិនីកូនខ្មែររស់នៅក្រៅប្រទេសឈ្នះជម្រើសជាតិ ព្រមទំាងមានសមត្ថភាពខ្ពស់នោះ យើងត្រូវយកមកលេង តំណាងឲ្យប្រទេសកម្ពុជា។