ព្រឹត្តិការណ៍

រដ្ឋាភិបាល និង​វិស័យ​ឯកជន ​កំពុងធ្វើការ​រួមគ្នា ​ជំរុញ​វិស័យ​ទេសចរណ៍

ភ្នំពេញៈ ក្រសួងទេសចរណ៍ សហគ្រិន​ខ្មែរ (KE) ជា​អង្គភាព​មួយ​ដែល​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង Impact Hub Phnom Penh បាន​សហការ​ចាប់ផ្តើម​អនុវត្តន៍​គម្រោង “ទេសចរណ៍​ខ្មែរ​សម័យថ្មី” (Khmer Tourism For The Future)។

ទេសចរណ៍​ខ្មែរ​សម័យថ្មី ជា​កម្មវិធី​បណ្តុះបណ្តាល​សហគ្រិន​មួយ ដែល​បង្កើតឡើង ក្នុង​គោលបំណង​គាំទ្រ​ធុរកិច្ច​ថ្មី (Startup) និង​អាជីវកម្មផ្សេងៗក្នុង​វិស័យ​ទេសចរណ៍​ឱ្យមាន​ភាព​ធន់ នវានុវត្តន៍​ភាព និង​ភាព​ច្នៃប្រឌិត ក្នុងការ​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ប្រជាជន​ក្នុង​តំបន់ ដែល​កំពុងតែ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូ​វីដ១។

កម្មវិធី​នេះ នឹងចូលរួម​បង្កើតជា​ផ្លូវ​ដើរ​ដ៏​ថ្មី​មួយ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​ប្រកបដោយ​ចីរភាព និង​អាច​ក្រោកឈរ​ឡើងវិញ នៅក្នុង​រយៈពេល១២ខែ​ទៅមុខទៀត។ កម្មវិធី​នេះ​ត្រូវបាន​ចងក្រង​ឡើង សម្រាប់​យុវជន ឬ​សហគ្រិន​ដែលមាន​គំរូ​អាជីវកម្ម ដែល​គិតគូរ​ទៅដល់​បរិស្ថាន ឬ​អ្នក​ដែលមាន​ធុរកិច្ច​ថ្មី (Startup) ដ៏​មាន​សក្តានុពល និង​ឥទ្ធិពល​វិជ្ជមាន​ទៅដល់​វិស័យ​ទេសចរណ៍​ក្នុងស្រុក។

គោលដៅ​ចុងក្រោយ​របស់​កម្មវិធី​នេះ គឺ​ចង់​ធ្វើឱ្យមាន​ភាពជាក់លាក់ និង​បង្កើន​គំរូ​អាជីវកម្មថ្មីៗ ដែល​ផ្តោតទៅលើ​ទីផ្សារ​ក្នុងស្រុក​ឲ្យ​បាន​ច្រើនជាង​មុន។

លោក​បណ្ឌិត វណ្ណ មុនិ​ណ្ឌ នាយក​សហគ្រិន​ខ្មែរ​បាន​មានប្រសាសន៍ថា «ក្នុងនាម​ជា​អង្គភាព​មួយ ដែល​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សហគ្រិន​ខ្មែរ (Khmer Enterprise) មាន​ចក្ខុវិស័យ ក្នុងការ​ប្រែក្លាយ​ទៅជា​វេទិកា​ថ្នាក់ជាតិ​មួយ សម្រាប់​លើកកម្ពស់​សកម្មភាព​ស​ហ​គ្រិន នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បន្តថា “កម្មវិធី «ទេសចរណ៍​ខ្មែរ​សម័យថ្មី” មាន​គោលបំណង​ជួយ​គាំទ្រ​ទៅដល់​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍ ដែល​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង នៃ​ការបង្កើត​អាជីវកម្ម តាមរយៈ​ការបង្រៀន​អំពី​ការធ្វើ​ជំនួញ ការ​បង្វឹក​ការភ្ជាប់​បណ្តាញ​និង​ការចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា” ។

ជាមួយគ្នានេះ Olivia Hough នាយក​គ្រប់គ្រង Impact Hub Phnom Penh បានឱ្យដឹងថា វិស័យ​ទេសចរណ៍​គឺជា​វិស័យ​មួយ ក្នុងចំណោម​វិស័យ​សំខាន់បំផុត សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា ប៉ុន្តែ​វិស័យ​មួយ​នេះ ប្រហែលជា​ត្រូវបាន​រង​ការប៉ះពាល់ គួរឱ្យ​កត់​សំ​ម្គា​ល់។ នេះ​ជា​ពេលវេលា​មួយ​ដ៏​សំខាន់ ហើយក៏​ជា​ពេលដែល​យើង​ត្រូវ​ចូលរួម​គ្នា ដើម្បី​គិតគូរ និង​ពិចារណា​ឡើងវិញ​នូវ​អ្វី នៃ​អនាគត​ទេសចរណ៍ ដែល​ពួកយើង​ចង់ឃើញ និង​កសាង ឬ​ប្រុងប្រៀប​ធុរកិច្ច​ថ្មី (Startup) និង​អាជីវកម្មផ្សេងៗ ដើម្បី​ត្រៀមខ្លួន​សម្រាប់​អនាគត​មួយ​នេះ។

លោក​សុខ សុគន្ធ អនុប្រធាន​គម្រោង GMS បាន​និយាយថា ក្រសួងទេសចរណ៍ មាន​ក្តីរំភើប​រីករាយ​ណាស់ ដែល​បាន​ចូលរួម​គាំទ្រ នៅក្នុង​កម្មវិធី​សហគ្រិនភាព​មួយ​នេះ។ ទាំងអស់គ្នា ពួកយើង​អាច​កសាង​វិស័យ​ទេសចរណ៍ នាពេល​អនាគត​របស់​ប្រទេស​កម្ពុជា​អោយមាន​ភាព​ធន់ ទូលំទូលាយ និង​ឈានទៅរក​ចីរភាព ៕

Most Popular

To Top