ប្រវត្តិសាស្ត្រ:រំលឹកឡើងវិញនូវប្រវត្តិកំណកំណើតគ្រាប់បែកនុយក្លេអ៊ែរ របស់អាមេរិកដែលដំបូងឡើងគឺចាប់ផ្តើមនៅក្នុង ខែធ្នូឆ្នាំ១៩៤១ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្តេជ្ញាបង្កើតអាវុធនុយក្លេអ៊ែរលើកដំបូង នៅលើពិភពលោកនិងដោយមានការគាំទ្រពីក្រោយកម្មវវិធីនេះ ដោយលោកប្រធានាធិបតី Franklin Roosevelt តាមរយៈមូលនិធិជាទឹកប្រាក់រហទៅដល់២ ពាន់លានដុល្លារសម្រាប់អ្វីដែលត្រូវបានគេស្គាល់ថា ជាគម្រោង Manhattan project។
មិនបាន៥ឆ្នាំផងការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទីមួយ បានធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ១៩៤៥ នៅទីតាំង Trinity នៅជិត Alamogordo រដ្ឋ New Mexico។
ប៉ុន្មានសប្តាហ៍ក្រោយមកនៅ ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ដោយអាមេរិកកំពុងជាប់ដៃប្រយុទ្ធប្រឆាំង នឹងចក្រព័ទ្ធជប៉ុនប្រធានាធិបតីលោកHarry Trumanបានសម្រេចចិត្តអនុញ្ញាតឱ្យមាន ការទម្លាក់គ្រាប់បែកបរមាណូឈ្មោះថាLittle Boyលើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន។
បីថ្ងៃក្រោយមកនៅថ្ងៃទី៩ខែសីហាគ្រាប់បែកនុយក្លេអ៊ែរមួយទៀតដែលមានឈ្មោះថា Fat Man ត្រូវបានទម្លាក់លើទីក្រុងណាហ្គាសាគីប្រទេសជប៉ុនដដែល។ យោងតាមការប៉ាន់ស្មានមួយមនុស្សប្រមាណជា ២០០០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើទីក្រុងទាំងពីរហើយនៅ ថ្ងៃទី ១៥ ខែសីហាឆ្នាំ ១៩៤៥ ប្រទេសជប៉ុនបានព្រមចុះចាញ់ ក្រុមប្រទេសសម្ព័ន្ធមិត្ត។
ប៉ុន្មានឆ្នាំក្រោយមកកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរអាមេរិកនៅ តែបន្តធ្វើដដែលប៉ុន្តែខ្លួនបានបង្វែរការសាកល្បងទៅជា ការសាកល្បងដែលមានប្រព័ន្ធសុវត្ថិភាពវិញ គឺតាមរយៈការតេស្តបំផ្ទុះនៅទីតាំងក្រោមដី ជំនួសវិញ។ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៥៧ គ្រាប់បែកនុយក្លេអ៊ែរទំងន់ ១,៧គីឡូតោន ត្រូវបានអាមេរិកតេស្តបំផ្ទុះនៅត្រង់មជ្ឈមណ្ឌលស្រាវជ្រាវ Nevada ដែលមានទំហំផ្ទៃដី ១៣៧៥ម៉ែត្រការ៉េ និងស្ថិតនៅចំងាយប្រមាណជា៦៥ម៉ាលប៉ុណ្ណោះពីទីក្រុងឡូសអេញជឺឡេស ដែលវាបានក្លាយទៅជាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ នៅក្រោមដីលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ មហាអំណាចអាមេរិក៕ ប្រែសម្រួល:ស៊ុនលី
