បរទេស៖ ប្រទេសវៀតណាម មានការថយចុះគួរឱ្យកត់សម្គាល់នូវចំនួនគ្រោះថ្នាក់ផ្នែក អាកាសចរណ៍ក្នុងខែមករា ដល់ សីហា ចំពេលដែលការធ្វើដំណើរ តាមផ្លូវអាកាសមានកំណត់ដោយសារតែ មេរោគកូវីដ-19 ប៉ុន្តែករណីធ្ងន់ធ្ងរមួយចំនួនបានគូសបញ្ជាក់ថា បញ្ហាសុវត្ថិភាពនៅតែជាក្តីកង្វល់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បាននិយាយកាលពីថ្ងៃអង្គារថា មានឧប្បត្តិហេតុចំនួន ៣៦ បានកើតឡើងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ដែលចំនួននេះគឺធ្លាក់ចុះចំនួន ៤៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយក្នុងចំនោមគ្រោះថ្នាក់ទាំងនេះ ត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំនួន ២ និង ៦ ផ្សេងទៀតដែលមានការគំរាមកំហែងខ្ពស់ដល់សុវត្ថិភាពអាកាសចរណ៍។
រដ្ឋបាលបាននិយាយថា ឧប្បត្តិហេតុចំនួន ១៧ គឺបណ្តាលមកពីកំហុសរបស់មនុស្ស និង ១៤ ផ្សេងទៀតកើតឡើងដោយសារកំហុសបច្ចេកទេស។ ឧប្បត្តិហេតុមួយបណ្តាលមកពីអាកាសធាតុមិនអំណោយផល ហើយនៅសល់ ៤ ទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ឧប្បត្តិហេតុធ្ងន់ធ្ងរមួយក្នុងចំណោមឧប្បត្តិហេតុធ្ងន់ធ្ងរពីរគឺការផ្ទុះកង់យន្តហោះ នៅពេលដែលយន្តហោះ Airbus A321 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទៅអាកាសយានដ្ឋានភ្នំពេញក្នុងប្រទេសកម្ពុជាកាលពីខែមីនា ប៉ុន្តែមិនមានអ្នកដំណើរណាម្នាក់ រងរបួសទេ៕ប្រែសម្រួលៈ ណៃ តុលា