ចំនួនអ្នកគាំទ្រក្រុម BTS កាន់តែមានច្រើនទៅៗ រាប់លាននាក់ជុំវិញពិភពលោក ឯអាល់ប៊ុមដែលលក់បានក៏ច្រើនលើសគេដែរនៅប៉ុន្មានឆ្នាំចុងក្រោយ ហើយសមាជិករបស់ក្រុមវិញក៏រឹតតែល្បីខ្លាំងឡើងមិនធម្មតា ប៉ុន្តែទោះពួកគេហក់ឡើងខ្ពស់យ៉ាងណា ក៏ពួកគេនៅតែដាក់ខ្លួនជានិច្ច។
ដូចកាលពីថ្ងៃទី១០ ខែកញ្ញា BTS បានបង្ហាញមុខនៅក្នុងកម្មវិធី KBS News9 របស់ប៉ុស្តិ៍ជាតិ KBS ដោយបាននិយាយពីកំណត់ត្រាធំៗដែលខ្លួនសម្រេចបានជាប្រវត្តិសាស្ត្រក្រោយចេញបទ «Dynamite» ក៏ដូចជារឿងរ៉ាវផ្សេងទៀតពីគម្រោងរបស់ពួកគេ។ ជាមួយគ្នានោះ Koreaboo ក៏បានបញ្ជាក់ដែរថា បទសម្ភាសមួយនេះមិនមែនជាបទសម្ភាសធម្មតាទេ ព្រោះវាកើតឡើងក្រោមការរៀបចំយ៉ាងធំដុំបំផុត។
KBS Wolrd បានផ្សាយបន្តផ្ទាល់សកម្មភាពនៃការមកដល់របស់ BTS និងការជូនដំណើររហូតមកដល់ស្ថានីយផ្សាយ ក៏ដូចជាការចេញទៅវិញរបស់ក្រុម ដែលមានរយៈពេលជិត ២ម៉ោងឯណោះ។ ចំណែកនៅខាងក្រៅស្ថានីយវិញ ក្រុមការពារសណ្ដាប់ធ្នាប់ឈរការពារត្រៀបត្រាយ៉ាងហ្មត់ចត់រហូតកម្មវិធីបញ្ចប់។
ចំពោះក្រុមអ្នកសារព័ត៌មានវិញ ក៏មិនត្រូវបានអនុញាតិចូលក្នុងកន្លែងផ្សាយដែរ ដោយពួកគេត្រូវបានឃាត់ឲ្យនៅជុំគ្នានៅបរិវេណខាងក្រៅប៉ុណ្ណោះ។ មួយវិញទៀត អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺថា ទាំងទៅ និងមកសុទ្ធតែមានក្រុមប៉ូលីសដែលជាកងការពារជិះម៉ូតូអមតាមផ្លូវទៀត ហើយទាំងនោះគឺត្រូវបានរៀបចំជាពិសេសក្នុងការការពារការមកដល់របស់ភ្ញៀវពិសេសមួយនេះ។
ទោះបីសម្រាប់សមាជិកម្នាក់ៗរបស់ BTS គិតថាខ្លួនឯងជាមនុស្សសាមញ្ញនិងជាខ្លួនឯងពីមុនដូចកាលពីពេលចូលសិល្បៈដំបូង ក៏ប៉ុន្តែគ្រប់គ្នា ពិសេសប្រទេសកូរ៉េទាំងមូលមិនគិតដូច្នោះទេ។ ស្នាដៃ និងកេរ្តិ៍ឈ្មោះដែលពួកគេមាន ព្រមទាំងអ្វីទាំងឡាយដែលក្រុមនាំឲ្យជាតិងើបមុខមាត់ វាបានក្លាយជារឿងអស្ចារ្យនិងពោរពេញទៅដោយមោទកភាពបំផុតសម្រាប់កូរ៉េ ដូចនេះការរៀបចំសម្រាប់ពួកគេនៅពេលនេះ គ្រប់គ្នាយល់ស្របថាស័ក្តិសមបំផុត៕
ប្រភព៖sabay