ព័ត៌មានអន្តរជាតិ

លោក Trump៖ TikTok ពិតជាអស្ចារ្យណាស់ក្នុង ការមានទំនាក់ទំនងនឹងក្រុមហ៊ុន Walmart និង Oracle

វ៉ាស៊ីនតោន៖ កម្មវិធីវីដេអូដែលមានប្រជាប្រិយភាព TikTok បានប្រកាសថា ខ្លួនបានស្នើសុំកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Oracle ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Walmart ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់ប្រធានាធិបតីអាមេរិក Donald Trump ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ប្រទេសចិនបានប្រាប់ថា យើងរីករាយដែលសំណើរបស់ក្រុមហ៊ុន TikTok, Oracle និង Walmart នឹងដោះស្រាយកង្វល់សន្តិសុខ របស់រដ្ឋបាលសហរដ្ឋអាមេរិក និងដោះស្រាយសំណួរជុំវិញអនាគតរបស់ TikTok នៅសហរដ្ឋអាមេរិក ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រុមហ៊ុន Oracle នឹងក្លាយជាអ្នកផ្តល់បច្ចេកវិទ្យាដែលគួរឲ្យទុកចិត្តទទួលខុសត្រូវក្នុងការបង្ហោះទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់ និងការធានានូវប្រព័ន្ធកុំព្យូទ័រដែលជាប់ទាក់ទងដើម្បីធានា បាននូវតម្រូវការសន្តិសុខជាតិអាមេរិក។ បច្ចុប្បន្នយើងកំពុងធ្វើការជាមួយក្រុមហ៊ុន Walmart លើភាពជាដៃគូពាណិជ្ជកម្មផងដែរ។

លោកស្រីបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីកិច្ចព្រមព្រៀងនេះក្រៅពីនិយាយថា ក្រុមហ៊ុននឹងរក្សានិងពង្រីកទីស្នាក់ការកណ្តាលសកលរបស់ក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិកនិងបង្កើតការងារថ្មីចំនួន ២៥,០០០ ។

មុននេះលោក Trump បានសរសើរកិច្ចព្រមព្រៀងនេះថា ជារឿងអស្ចារ្យ។ លោក Trump បានអះអាងអស់រយៈពេលជាច្រើនសប្តាហ៍ហើយថា TikTok កំពុងប្រមូលទិន្នន័យអ្នកប្រើប្រាស់សម្រាប់ទីក្រុងប៉េកាំង ដោយមិនដែលផ្តល់ភស្តុតាងសម្រាប់ការចោទប្រកាន់របស់លោកឡើយ។

កាលពីដើមខែសីហា លោកបានឲ្យ ByteDance រហូតដល់ថ្ងៃទី ២០ ខែកញ្ញាដើម្បីប្រគល់ប្រតិបត្តិការរបស់ក្រុមហ៊ុន TikTok ទៅឲ្យក្រុមហ៊ុនអាមេរិកមួយ៕

ដោយ៖លី ភីលីព

Most Popular

To Top