ព័ត៌មានអន្តរជាតិ

អាមេរិកនឹងដាក់ទណ្ឌកម្ម លើគោលដៅ ជាច្រើនពាក់ព័ន្ធអាវុធអ៊ីរ៉ង់

បរទេស៖សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ នឹងដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពជាច្រើន ដែលពាក់ព័ន្ធក្នុងកម្មវិធីនុយក្លេអ៊ែមីស៊ីល និងអាវុធធម្មតារបស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប ដែលជាការបង្ហាញចង្កូម នៅខាងក្រោយទណ្ឌកម្មអង្គការសហប្រជាជាតិលើទីក្រុងតេអេរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនទាមទារឲ្យបន្តដាក់ បើទោះជាមានការជំទាស់ពីសម្ពន្ធមិត្តនិងគូបដិបក្ខនានា។

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនោះបាននិយាយថា ប្រទេសអ៊ីរ៉ង់អាចនឹងមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់អាវុធនុយក្លេអ៊ែ នៅចុងឆ្នាំនេះ និងថា ទីក្រុងតេអេរ៉ង់បានបន្តសហប្រតិបត្តិការមីស៊ីលវាយប្រហារក្នុងចម្ងាយឆ្ងាយ ជាមួយប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែ ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងលម្អិត ចំពោះការអះអាងនេះទេ។ 

គួរបញ្ជាក់ថា ទណ្ឌកម្មថ្មីទាំងនេះ គឺសមស្របនឹងកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ទប់ស្កាត់ឥទ្ធិពលក្នុងតំបន់របស់អ៊ីរ៉ង់ និងត្រូវបានធ្វើឡើងក្រោយមួយសប្ដាហ៍ បន្ទាប់ពីមានកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក សម្រាប់សហភាពអារ៉ាប់រួមនិងប្រទេសបារ៉ែន ធ្វើចំណងមិត្តភាពឲ្យមានភាពប្រក្រតីវិញជាមួយប្រទេសអ៊ីស្រាអែល៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top