ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡើពិកកម្ពុជាបានផ្តល់ការអនុវត្តន៍ទៅកាន់គ្រូបង្វឹក និងអគ្គលេខាធិការនៃសហព័ន្ធជាតិទាំង៣០ត្រូវចេញទៅចូលរួមប្រកួតកីឡាSEA GAMES 2019 លើកទី៣០នៅប្រទេសហ្វីលីពីនថា ចាប់ពីពេលនេះតទៅមិនត្រូវនៅឆ្ងាយពីកីឡាករ-កីឡាការិនីរបស់ខ្លួនឡើយ ដោយសារតែការប្រកួតជាផ្លូវការជិតមកដល់ហើយ ។
លោកបានបន្តថា នេះជាតំណាក់កាលត្រៀមប្រកួត ហេតុនេះគ្រូបង្វឹក អគ្គលេខាធិការទំាំងអស់ត្រូវតែនៅតាមដានពីគុណផល (Perfomance) សុខភាព ការហ្វឹកហាត់របស់កីឡាករឲ្យបានជាប់ជាប្រចាំ ។ទាំងគ្រូទាំងអគ្គលេខាធិការមិនត្រូវចេញទៅក្រៅប្រទេសឡើយលើកលែងតែមានករណីពិសេសដូចជាដឹកនាំកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតនៅក្រៅប្រទេស ។
កីឡាSEA GAMES 2019 លើកនេះប្រទេស កម្ពុជាបញ្ជូនកីឡាចំនួន៣០ប្រភេទដោយមានអត្តពលិកជាង៣០០រូបក្រៅពីនោះមានមន្ត្រីសម្របសម្រួល និងគណៈកម្មាធិការជាតិរៀបចំកីឡាកីឡាSEA GAMES 2023 លើកទី៣២ឆ្នាំ២០២៣ (Camsoc) ទៅចូលរួមដើម្បីពិនិត្យមើលការរៀបចំ និងស្រាវជ្រាវពីការរៀបចំកីឡាSEA GAMES កន្លងមក ។
លោកអគ្គលេខាធិការអូឡាំពិកបានព្រលយពាក្យថា កីឡាSEA GAMES 2019 នៅហ្វីលីពីនលើក នេះទំនងជាមិនមែនជាបទពិសោធន៍ល្អសម្រាប់កម្ពុជា ហើយនៅសល់រយៈពេល៣ខែគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីនប្ដូរមេដឹកនាំជាហេតុធ្វើឲ្យការងារមួយចំនួននៅរាំងស្ទះ សូម្បីតែទីកន្លែងប្រកួតខ្លះនៅធ្វើមិនទាន់ហើយផង ។
កីឡាSEA GAMES ឆ្នាំនេះគឺជាឆ្នាំយុទ្ធសាស្រ្តហេតុនេះប្រសិនបើសហព័ន្ធណារកមេដាយមិនបានទេនោះគួរតែពិនិត្យមើលខ្លួនឯងឡើងវិញតើគួរចូលរួមនៅឆ្នាំ២០២៣ឬទេ ?បន្ទាប់ពីប្រកួតចប់នឹងមានការវាយតម្លៃលើសីលធម៌គ្រូបង្វឹក មន្ត្រីដឹកនាំ កីឡាករ វាយតម្លៃលើលទ្ធផល ។អ្វីៗគណៈកម្មាធិការជាតិបានរៀបចំរួចរាល់អស់ហើយសូម្បីការចេញដំណើរសំបុត្រយន្ដហោះក៏ក្រសួងអប់រំយុវជន និង កីឡាបានចាត់ចែងរួចរាល់ចប់សព្វគ្រប់ដែរ ។ នៅវេលាម៉ោង២ រសៀល អ្នកបដែលត្រូវចេញទៅកីឡាSEA GAMES 2019 ត្រូវបានលោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជួបសំណេះសំណាលជាមួយបន្ទាប់មកនៅវេលាម៉ោង ៤រសៀលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជួបសំណេះសំណាលនិងផ្ដល់អនុសាសន៍ ។
លោក វ៉ាត់ ចំរើន ក៏បានប្រាប់ទៅគ្រូបង្វឹក និងអគ្គលេខាធិការសហព័ន្ធកុំប្រញាប់ប្រ ញាល់បញ្ចេញព័ត៌មានពីរឿងបានទទួលមេដាយពេកប្រយ័ត្នខ្មាសគេ ត្រូវរង់ចាំការប្រ កាសពីគណៈកម្មការកីឡាSEA GAMES ជាមុនសិន ។ ព្រោះគ្រប់អ្នកដែលបានមេដាយត្រូវគេយកទៅធ្វើដូពីង(ពិនិត្យរកសារធាតុលើកកម្លាំងដែលហាមប្រើក្នុងកីឡា)ជាមុនសិនទើបមេដាយនោះជាមេដាយផ្លូវការ ។
ចំពោះកីឡាករកីឡាការិនីដែលជាកូនខ្មែរនៅបរទេសត្រូវប្រញាប់ប្រញាល់ធ្វើលិខិតឆ្លងដែនសញ្ជាតិកម្ពុជា ។ចំពោះគ្រូបង្វឹកបរទេសដែលមកពីបណ្ដាប្រទេសស្ថិតក្នុងបញ្ជីខ្មៅត្រូវប្រញាប់ប្រញាល់ទិដ្ឋាការដល់ពួកគាត់ ៕ ដោយ៖លី ភីលីព