ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ មិត្តភាពអបអរសាទរខួប១០ នៃក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ដែលប្រព្រឹត្តិ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពិធីបើកជាផ្លូវការ ពីសំណាក់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងលោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិ។
លោក អ៊ុក សំណាង អនុប្រធានក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន បានប្រាប់ឲ្យដឹងថា ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ហៅកាត់ថា «ក្លិបអាស៊ាន» ស្ថិតនៅក្រោមសមាគមយុវជន កម្ពុជា-អាស៊ាន ត្រូបានបង្កើតឡើង នៅឆ្នាំ២០១០ ក្រោមការផ្តួចផ្តើម និងគាំទ្រដោយលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ដែលបច្ចុប្បន្ន ក្លិបអាស៊ាន មានកីឡាករ ចំនួន៩៩នាក់ ដែលមានអាយុចាប់ពីវ័យកណ្តាលឡើងទៅ ជាមន្ត្រីរាជការមកពីបណ្តា ក្រសួង-ស្ថាប័ននានា ហើយភាគច្រើនជាមន្ត្រី បម្រើការងារ នៅក្នុងស្ថាប័នអប់រំតែម្តង ។
លោកបានបន្តថា ការបង្កើតក្លិបអាស៊ាននេះឡើង ក្នុងគោលបំណងចម្បង គឺចូលរួមចំណែកលើកស្ទួយ និងជួយជំរុញវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងដើម្បីរឹតចំណងមិត្តភាពរវាងក្រុមកីឡាករវ័យចំណាស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជា បានចូលរួមជាកម្លាំងចលករ ក្នុងការជម្រុញ-លើកទឹកចិត្ត ប្រជាពលរដ្ឋខ្មែរគ្រប់វ័យ ឲ្យស្រឡាញ់ និងចូលរួមលេងកីឡា ដើម្បីថែរក្សា សុខភាព បង្កើតមិត្តភាព សាមគ្គីភាព ក្រោមពន្លឺសន្តិភាព នៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច សនិ្តភាព ចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន។
សម្រាប់ការប្រកួតខាងលើនេះមានក្លិបចំនួន៦គឺក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្លិបកីឡាបាល់ទាត់មេធាវីទីប្រឹក្សា ក្លិបកីឡាបាល់ទាត់បូរីរ៉ាត់ VIP (ខេត្តកំពត) ក្លិបកីឡាបាល់ទាត់គ្រុឌមាស (ខេត្តសៀមរាប) ក្លិបកីឡាបាល់ទាត់វ័យចំណាស់ដើម្បីសុខភាព និងក្លិបកីឡាបាល់ទាត់HANWOORI FC។
លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និង ក្នុងនាមខ្លួនលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ ចំពោះការបង្កើត ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ដោយក្រោមការផ្តួចផ្តើម និងគាំទ្រដោយលោក ស៊ាន បូរ៉ាត និងសូមកោតសរសើរចំពោះកីឡាករទំាងអស់ចូលរួមក្នុងក្លិបបាល់ទាត់នេះ។ ការបង្កើតមានគោលទិសពង្រឹង មិត្តភាពក៏ដូចជាលើកកម្ពស់ នូវសុខភាព ផងដែរ ហើយតាមរយៈការប្រកួតរាល់សប្តាហ៍ របស់ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ពិតជានាំមកនូវសាមគ្គីភាព ដោយសារការប្រកួតគោរព តាមច្បាប់បាល់ទាត់៕