យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា យោធាអ៊ីស្រាអ៊ែល បាននិយាយនៅថ្ងៃអាទិត្យនេះថា កងទ័ពរបស់ខ្លួន បានបើកការវាយប្រហារទៅលើមូលដ្ឋានរបស់ក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃអាទិត្យនេះ ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលបានបាញ់ចេញពី តំបន់ហ្គាហ្សាស្ត្រីប កាលពីយប់ថ្ងៃសៅរ៍ ។
កងកម្លាំងការពារអ៊ីស្រាអ៊ែល (IDF) បានលើកឡើងនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា “គ្រាប់រ៉ុក្កែតចំនួន០២គ្រាប់ បានបាញ់ចេញពីតំបន់ហ្គាហ្សា ចូលក្នុងទឹកដីរបស់អ៊ីស្រាអ៊ែល កាលពីយប់មិញ” ។ ជាការឆ្លើយតប កងទ័ពរបស់យើង បានធ្វើការវាយប្រហារទៅលើក្រុមហាម៉ាស់ ចំទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ហ្គាហ្សា ។
ស៊ីរ៉ែន បានបន្លឺឡើង កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងក្រុងឆេ្នរខ្សាច់ Ashdod ដែលជាក្រុងកំពង់ផែធំបំផុតនៅទីតាំងរបស់អ៊ីស្រាអ៊ែល ចម្ងាយប្រមាណ៦៤គីឡូម៉ែត្រស្ថិតនៅភាគខាងជើង នៃតំបន់ហ្គាហ្សាស្ត្រីប និងតំបន់ភាគកណ្តាល Kibbutz Palmachim ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា