បរទេស៖ប្រធានាធិបតីជាប់ ឆ្នោតអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃ ចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើការចរចាគ្នាជាមួយសម្ពន្ធមិត្ត កំណត់ច្បាប់ពាណិជ្ជកម្មពិភពលោក ដើម្បីទប់ទល់ឥទ្ធិពលកំពុងកើនឡើងរបស់ប្រទេសចិន ប៉ុន្តែលោកបដិសេធមិននិយាយប្រាប់ថា តើលោកនឹងចូលរួម ជាមួយកិច្ចព្រមព្រៀងជំនួញអាស៊ីគាំទ្រដោយចិនថ្មីមួយ ដែលត្រូវគេចុះហត្ថលេខាកាលពីថ្ងៃអាទិត្យដែរឬក៏អត់នោះទេ។
នៅពេលត្រូវគេសួរក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុង Wilmington រដ្ឋ Delaware ថា សហរដ្ឋអាមេរិកនឹងចូលរួមជាមួយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលាយក្នុងតំបន់មានប្រទេសចំនួន១៥ចូលរួមនោះ លោក បៃដិន បានមានប្រសាសន៍ថា លោកនៅមិនទាន់អាចពិភាក្សាអំពីគោលនយោបាយជំនួញសហរដ្ឋអាមេរិកបាននៅឡើទេ ព្រោះលោកនៅមិនទាន់ឡើងកាន់តំណែង ហើយមានប្រធានាធិបតីតែមួយប៉ុណ្ណោះ ក្នុងពេលមួយ។
តាមសេចក្តីរាយការណ៍ លោក បៃដិន បាននិយាយអំពីសហរដ្ឋអាមេរិកថា “យើងបង្កើត២៥ភាគរយនៃសេដ្ឋកិច្ចក្នុងពិភពលោក។ យើងចាំបាច់ត្រូវតែរួមគ្នាជាមួយប្រទេសលទ្ធិប្រជាធិបតេយ្យដទៃ គឺ២៥ភាគរយផ្សេងទៀត ឬក៏ច្រើនជាងនោះ ដើម្បីធ្វើឲ្យយើងអាចកំណត់គោលការណ៍ផ្លូវដើរ ជំនួសមិនឲ្យមានប្រទេសចិន ឬក៏ប្រទេសផ្សេងទៀតកំណត់យកផលប្រយោជន៍ប៉ះទង្គិចគ្នា ព្រោះតែពួកវាគឺជាជម្រើសតែមួយគត់ដែលមាន”៕ ប្រែសម្រួល៖ប៉ាង កុង