ភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ បានឈានចូលដល់សប្តាហ៍ទី៧ ហើយ ដោយបានរកឃើញ ៤ ក្រុមខ្លាំងៗឡើង ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ ២ ប្រកួត កាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ គឺក្រុមបាល់ទាត់មហាហង្សអលស្តារ FC បានយកឈ្នះក្រុមបាល់ទាត់មិត្តភាពមន្ទីរពេទ្យព្រះអង្គឌួង ៦-០ រីឯក្រុមបាល់ទាត់សម្ពន្ធយុវជនស្រឡាញ់សន្តិភាព ឈ្នះក្រុមបាល់ទាត់វ័យចាស់អូឡាំពិក ១០-០ ។

ចំពោះ ២ ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុវិលជុំសប្តាហ៍ទី៧ សម្រាប់ល្ងាចថ្ងៃទី ២ ខែសីហានេះ ក្រុមបាល់ទាត់វ័យចាស់ Sybelle FC ប៉ះ ក្រុមបាល់ទាត់វ័យចាស់ Vlogger All Star ខណៈក្រុមក្រុមបាល់ទាត់វ័យចាស់ 9NG Soccer ប៉ះក្រុមក្រុមបាល់ទាត់វ័យចាស់ K8 ។ យ៉ាងណា ២ក្រុម គឺក្រុម 9NG Soccer និង Sybelle FC ដែលលេងជាមួយគូប្រកួតរៀងៗខ្លួន នឹងគ្រាន់តែអាចរំកិលចំណាត់ថ្នាក់ ក្នុងចំណោម៤ក្រុមលើកំពូល តារាងប៉ុណ្ណោះ។ ចំពោះ៤ក្រុមលើកំពូលតារាង ដែលនឹងឡើងទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន ៖ ក្រុមមហាហង្ស ក្រុម 9NG Soccer ក្រុមបាល់ទាត់មិត្តភាពមន្ទីរពេទ្យព្រះអង្គឌួង និងក្រុម Sybelle FC ។

លោក អ៊ិន សុភិន ប្រធានក្លឹបបាល់ទាត់មហាហង្សអលស្តារ FC បានក្តីរីករាយជាខ្លាំង បានចូលរួមប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ពានរង្វាន់ ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ ដើម្បីសុខភាព រិតចំណងសាមគ្គីភាព មិត្តភាព ជាមួយក្លឹបនានា ជាពិសេសបានបរិច្ចាគថវិកា របស់ក្លឹបទៅកាន់មូលនិធិមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា ជាការរួមចំណែកជាមួយសប្បុរសជនទាំងក្នុង និងក្រៅស្រុក ក្នុងកិច្ចការសប្បុរសធម៌នេះ ។

ចំណែក លោក នង ម៉ានិត នាយករងមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានក្រុមបាល់ទាត់មិត្តភាពព្រះអង្គឌួងបាន បញ្ជាក់ថា លោក និងកីឡាករទាំងអស់ពិតជារីករាយបានចូលរួមប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍នេះ ដើម្បីកៀរគរថវិកាតាមការស្ម័គ្រចិត្តជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា ។ យើងពិតជាមានមោទនភាព ដែលយើងមានក្រុម និងលទ្ធភាព ក្នុងការលះបង់ថវិកាពីសមាជិក ក្នុងក្រុមបរិច្ចាគ ជូនដល់មន្ទីរពេទ្យទាំងពីរនេះ។ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងមានជារៀងរហូត ហើយយើងក៏អាចកសាងបានសាមគ្គីភាព តាមរយៈព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌នេះ ។

ដោយឡែក លោក ហួត គីមងួន ត្រូវគេស្គាល់ច្បាស់ ក្នុងវិស័យកីឡាបាល់ទាត់សប្បុរធម៌ គឺDoRi Cambodia ស្ថាបនិក និងគណ:កម្មការរៀបចំការ ប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមាន៨ ក្រុមចូលរួម ដោយក្នុង១ក្រុមនីមួយៗត្រូវបរិច្ចាគយ៉ាងតិច ២លានរៀល ឬ៥០០ដុល្លារទៅឲ្យមន្ទីរពេទ្យទាំង២នេះ ដោយផ្ទាល់។ ស្ថាបនិកពានរង្វាន់នេះ លើកឡើងថា ដោយសារតែគោលបំណងចម្បងនៃព្រឹត្តិការណ៍បាល់ទាត់នេះគឺដើម្បីសប្បុរធម៌ ទើបការរៀបចំនេះ ទទួលបានការគាំទ្រពីបណ្តាក្លឹប មហាជន សប្បុរជននានាយ៉ាងច្រើនកុះករ ដែលជំរុញឲ្យលោកមានកម្លាំងចិត្តខ្លាំងក្លា ក្នុងការបន្តរួមឆន្ទៈគ្នាបំពេញបេសកកម្មសប្បុរសធម៌បន្ថែមទៀតផងដែរ៕


