ខេតកណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នា ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានសម្រេចចាត់បញ្ជូន លោក ហែម ថុនពន្លឺ គ្រូបង្វឹករបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ទៅចូលរួមវគ្គបណ្តុះបណ្តាល Swimming + Open Water Youth Coach E-Learning Course 2026 នៅប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់ឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានសម្រេចចាត់បញ្ជូន លោក ហែម ថុនពន្លឺ គ្រូបង្វឹកទៅសិក្សាវគ្គបណ្តុះបណ្តាល Swimming + Open Water Youth Coach E-Learning Course 2026 ។
លោកអគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបន្តថា មុននឹងចូលរួមវគ្គបណ្តុះបណ្តាលនេះ បេក្ខជនទាំងអស់ត្រូវបញ្ចប់ការសិក្សាតាមប្រព័ន្ធ E-Learning រយៈពេល ៤៥ ម៉ោង និងត្រូវប្រឡងជាប់ជាមុនសិន ទើបមានសិទ្ធិចូលរួមវគ្គបណ្តុះបណ្តាលផ្ទាល់បាន។ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា សូមជូនពរ លោក ហែម ថុនពន្លឺ ធ្វើដំណើរប្រកបដោយសុវត្ថិភាព ទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកមកចូលរួមអភិវឌ្ឍវិស័យកីឡាហែលទឹកនៅព្រះរាជាណាចក្រកម្ពុជាបន្តទៅមុខទៀត៕
