ភ្នំពេញៈ អគាររដ្ឋបាលជាច្រើនបាន និងកំពុងសម្រុកទៅបោះទីតាំង នៅម្តុំបឹងតាមមោឃនៃខណ្ឌឬស្សិកែវ រាជធានីភ្នំពេញ ដែលជាសញ្ញាល្អលើវិស័យអចលនទ្រព្យ និងលំនៅឋាននៅតំបន់នោះ។
អគ្គនាយកក្រុមហ៊ុន Century21 Advance លោកឡុង គឺមសួគ៌ បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងរៀបចំបែងចែកតំបន់អភិវឌ្ឋន៍ ខណៈដែលតំបន់បឹងតាមោគ រហូតដល់សង្កាត់ព្រែកព្នៅ នៃខណ្ឌឬស្សីនឹងក្លាយជាតំបន់អគារដ្ឋបាលរបស់រាជរដ្ឋាភិបាល។
លោកថ្លែងបន្តថា រដ្ឋាភិបាលកំពុងតែបែបចែកតំបន់ នៃទីក្រុងភ្នំពេញឱ្យមានតំបន់រោងចក្រសហគ្រាស តំបន់ពាណិជ្ជកម្ម និងតំបន់អគាររដ្ឋបាល យើងឃើញថាអគាររដ្ឋបាលរបស់ស្ថាបន័រដ្ឋធំៗជាច្រើន បាននិងកំពុងបោះទៅកាន់ទីតាំងតំបន់បឹងតាមោឃឬបឹងកប់ស្រូវ តែយ៉ាងណាក៏ដោយនេះ គឺជាអ្វីដែលយើងមើលឃើញប៉ុណ្ណោះ យ៉ាងណានោះអាស្រ័យលើរដ្ឋាភិបាល។
លោកបញ្ជាក់ទៀតថា “រដ្ឋាភិបាលមានផែនការពង្រីកក្រុងឱ្យកាន់តែធំ ហើយតំបន់នេះ នឹងក្លាយទៅជាទីក្រុងថ្មីរបស់ទីក្រុងភ្នំពេញ ដែលពោពេញទៅដោយសក្តានុពលខ្ពស់ ខណៈទីក្រុងភ្នំពេញបច្ចុប្បន្ននេះ នឹងក្លាយជាទីក្រុងចាស់នាពេលខាងមុខ” ។
លោកគីមសួគ៌ បានបញ្ជាក់ទៀតថា ជាមួយគ្នានេះ វិស័យអចលនទ្រព្យតំបន់នេះក៏នឹងមានសក្តានុពល និងមានតម្លៃកាន់តែខ្ពស់ថែមទៀត ឆ្លើយតបទៅនឹងការរីកចំរើននេះ។
លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service បានឱ្យដឹងដែរថា តំបន់បឹងតាមោឃ និងកប់ស្រូវនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍យ៉ាងគំហុក ជាពិសេសតំបន់នេះ ក៏នៅជាប់នឹងផ្លូវជាតិលេខ ៥ និងមានសក្តានុពលខ្ពស់ផងដែរ។
លោកស្រីបន្តថា “យើងមើលឃើងថា ក្រសួង ស្ថាប័នរដ្ឋជាច្រើនកំពុងទៅកាន់ទីនោះបណ្តើរ មានដូចជាក្រសួងដែនដី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួអភិវឌ្ឍន៍ជនបទ និងស្ថានប័នរដ្ឋផ្សេងៗជាច្រើន” ។
ក្រុមការងារនៃគេហទំព័រ propertyarea.asia បានទាក់ទងទៅលោក ម៉េត មាសភក្តី អ្នកនាំពាក្យនៃរដ្ឋបាលរាជធានីភ្នំពេញ តាមបណ្តាញតេឡេក្រាម ដើម្បីសុំការបំភ្លឺ ប៉ុន្តែលោកមិនបានឆ្លើយនោះទេ បើទោះបានឃើញហើយក៏ដោយ។
តែយ៉ាងណាក៏ដោយ តំបន់ភាគខាងជើងនៃទីក្រុងភ្នំពេញ ត្រូវបានអ្នកអភិវឌ្ឍន៍ និងអ្នកជំនាញបានចាត់ទុកថា ជាតំបន់ដែលមានការអភិវឌ្ឍន៍មួយ របស់រាជធានីភ្នំពេញ និងជាតំបន់ ដែលមានសក្តានុពលខ្ពស់ ចំពោះការវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លាផងដែរ៕ប្រភព៖propertyarea.asia