អង់គ្លេសៈ ប្រទេសអង់គ្លេសធ្លាប់ជាចក្រភពមួយ ដែលមានឥទ្ឋិពលយ៉ាងខ្លាំង និងជាប្រទេសអភិវឌ្ឍន៍មួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេទាំង១០ នៅលើពិភពលោក ពិសេសតម្លៃអចលនទ្រព្យក៏មានតម្លៃខ្ពស់ផងដែរ។
តើអចលនទ្រព្យនៅតំបន់ណាខ្លះ ដែលមានតម្លៃខ្ពស់ តោះយើងទៅសិក្សាស្វែងយល់ទាំងអស់គ្នា។
ក្រុងបឺមីងហែម (Birmingham) បានជាប់ចំណាត់ថ្នាក់កំពូល ក្នុងតារាងឈ្មោះតំបន់ដែលមានតម្លៃខ្ពស់បំផុត ក្នុងទីផ្សារអចលនទ្រព្យរបស់ចក្រភពអង់គ្លេស ក្រៅពីក្រុងឡុងដ៍ ហើយក្រុងអេឌីនបឺក (Edinburgh) ជាប់ចំណាត់ថ្នាក់លេខ២ ចំណែកឯក្រុងលីតស៍ (Leeds) ជាប់ចំណាត់ថ្នាក់លេខ៣ ។
ដោយមានអចលនទ្រព្យចំនួន ៤៤១.៥៣៦កន្លែង ហើយតម្លៃផ្ទះជាមធ្យមមានតម្លៃចាប់ពី១៨៩.៩៨៨ផោន (២៥១.៤៧៧ ដុល្លារ) ក្រុងបឺមីងហែម គឺជាទីផ្សារអចលនទ្រព្យមួយ ដែលមានតម្លៃសរុបរហូតដល់ទៅ៨៣.៩ពាន់លានផោន (ជិត ១១២ ពាន់លានដុល្លារ)។ នេះបើយោងតាមទិន្នន័យប្រមូលដោយ GetAgent ដែលជាគេហទំព័រប្រៀបធៀបភ្នាក់ងារអចលនទ្រព្យ។
គេហទំព័រដដែលបានធ្វើការវិភាគទៅលើតួលេខ នៃតារាងលំនៅដ្ឋានទទួលបានពីគេហទំព័រ Gov.uk និងតម្លៃផ្ទះជាមធ្យមនាពេលបច្ចុប្បន្ន ដែលចេញដោយអាជ្ញាធរមូល ដ្ឋានដើម្បីស្ទង់មើលថា តើតំបន់ណាខ្លះមានតម្លៃខ្ពស់បំផុតក្នុងទីផ្សារអចលនទ្រព្យ។
ទីក្រុងអេឌីនបឺក ជាប់ចំណាត់ថ្នាក់លេខ២ ជាទីផ្សារអចលនទ្រព្យមានតម្លៃខ្ពស់បំផុតក្រៅពីក្រុងឡុងដ៍ ដោយទីផ្សារអចលនទ្រព្យមានតម្លៃប្រមាណ៧០.៦ពាន់លានផោន (ជាង ៩៤ ពាន់លានដុល្លារ)។
ក្រុងលីតស៍ ជាប់ចំណាត់ថ្នាក់លេខ៣ ចំណែកឯតំបន់ខនវ៉ល (Cornwall) តំបន់វីលសៀ (Wiltshire) ក្រុងប្រ៊ីស្តូល (Bristol) ក្រុងមាត់ឆ្នេរប៊នមៅស៍ (Bournemouth) ក្រុងមាត់ឆ្នេរភូល (Poole) ក្រុងប្រាយថុន (Brighton) ក្រុងមាត់ឆ្នេរហូវ (Hove) ក្រុងក្លាសហ្គូវ (Glasgow) ក្រុងមែនឆេស្ទ័រ (Manchester) និងក្រុងសេហ្វៀល (Sheffield) ក៏ជាប់ឈ្មោះ ជាតំបន់ ដែលទីផ្សារអចលនទ្រព្យមានតម្លៃខ្ពស់បំផុតដែរ ក្រៅពីក្រុងឡុងដ៍ដ៏ឆើតឆាយ៕ប្រភព៖propertyarea