ក្រៅពីកាហ្វេ ក៏នៅមានអាហារមួយចំនួនទៀតដែលជួយឱ្យអ្នកស្វាងងងុយគេងបានយ៉ាងប្រសើរផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានពេលមានអារម្មណ៍ងងុយគេង ៖
១. យ៉ាអួរ
ការទទួលទានយ៉ាអួរអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងឆាប់រហ័ស! នេះក៏ព្រោះតែអាហារសម្រន់នេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលជាអ្វីមួយពិបាកនឹងរំលាយ។ ជាលទ្ធផលរាងកាយនឹងបង្កើនដំណើរការនៃការដុតរំលាយអាហារ ហើយនាំឱ្យមានការបង្កើតថាមពល។ ចូរជ្រើសរើសទទួលទានយ៉ាអួរសុទ្ធជំនួសយ៉ាអួរលាយគ្រឿងផ្សំផ្សេងៗពិសេសជាតិស្ករក៏ព្រោះវាអាចនឹងបណ្ដាលឱ្យអ្នកឆាប់អស់កម្លាំងទៅវិញ។
២. ស៊ុត
ក៏ដូចនឹងយ៉ាអួរដែរ ស៊ុតជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន។ ពិសេសនៅពេលទទួលទានគួបផ្សំជាមួយផលិតផលធ្វើឡើងពីស្រូវសាលីសុទ្ធផ្សេងទៀត ដែលផ្ដល់ឱ្យរាងកាយនូវកាបូអ៊ីដ្រាតល្អ ហើយអ្នកនឹងចៀសផុតពីអារម្មណ៍អស់កម្លាំងងងុយគេង។
៣. គ្រាប់ធញ្ញជាតិ
អាហារនេះជួយគ្រប់គ្រាប់កម្រិតជាតិស្ករក្នុងឈាម ធ្វើឱ្យអ្នករក្សាបាននូវស្ថេរភាពនៃថាមពលពេញមួយថ្ងៃ។ ទោះជាយ៉ាងណាកុំទទួលទាន ច្រើងជាងមួយក្ដាប់ដៃពេញ។
៤. ផ្លែប៉ោម
ពេលខ្លះអ្វីដែលអ្នកត្រូវការដើម្បីមានអារម្មណ៍ស្វាង គឺជាតិស្ករធម្មជាតិ។ ដូច្នេះហើយទើបការទទួលទានផ្លែប៉ោមមួយផ្លែ គឺជាវិធីដ៏ប្រសើរបំផុតដើម្បី បំពេញជាតិស្ករធម្មជាតិក្នុងរាងកាយជួយឱ្យមានអារម្មណ៍ស្វាង។
៥. សាច់មាន់
ការងងុយគេងទាំងថ្ងៃក៏អាចបណ្ដាលមកពី ភាពស្ត្រេស ឬតានតឹង ក្នុងអារម្មណ៍ផងដែរ។ ហើយការទទួលទានសាច់ទ្រូងមាន់ជាជម្រើសដ៏ល្អបំផុតដើម្បីទប់ទល់បញ្ហានេះ! នេះក៏ព្រោះតែសាច់មាន់មានផ្ទុកអាស៊ីតអាមីណូមួយហៅថា tryptophan ដែលជួយកាត់បន្ថយស្ត្រេសនិងធ្វើឱ្យមានអារម្មណ៍ប្រសើរឡើង។
៦. បន្លែបៃតង
ប្រសិនបើអ្នកមានអារម្មណ៍ងងុយគេងខុសពេល ឬមិនស្វាងសោះចូរសាកល្បងទទួលទានបន្លែបៃតង! ក៏ព្រោះវាមានផ្ទុកវីតាមីន B ខ្ពស់ដែលជាសារធាតុចិញ្ចឹម ផ្ដល់ឱ្យអ្នកនូវអារម្មណ៍ស្វាងនិងស្វាហាប់ដោយវាបំលែងអាហារទៅជាថាមពល។
សម្គាល់! ក្រៅពីអាហារក៏នៅមានគន្លឹះមួយចំនួនផ្សេងទៀតជួយ ឱ្យអ្នកចៀសផុតពីបញ្ហាមិនស្វាងងងុយគេងដែរ។
១. ត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់នៅពេលយប់
សម្រាប់មនុស្សមួយចំនួន រយៈពេល ៧ ម៉ោងគឺគ្រប់គ្រាន់ហើយដើម្បីគេងឆ្អែត ខណៈដែលអ្នកខ្លះត្រូវការពេលដល់ទៅ ៩ ម៉ោង។ ដូច្នេះចូរសម្គាល់មើលថា តើរាងកាយរបស់អ្នកត្រូវការពេលប៉ុន្មានម៉ោងដើម្បីគេងឆ្អែតបានពេញកម្លាំង។
២. ក្រោកនៅម៉ោងដដែលៗរាល់ថ្ងៃ
មិនថាវាជាថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាកឡើយ ចូរព្យាយាមក្រោក នៅម៉ោងដដែលជាប្រចាំ។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកអាចទប់ទល់ភាពងងុយគេងខ្លាំងកំឡុងពេល ថ្ងៃបានយ៉ាងប្រសើរ។
៣. ចូលគេងនៅម៉ោងដដែលរាល់យប់
អ្នកប្រាកដជាងាយនឹងទប់ទល់ភាពល្វើយនិងងងុយគេងពេញមួយ ថ្ងៃបានប្រសិនបើអ្នកព្យាយាមគេងនៅម៉ោងដដែលរាល់យប់។ ទោះជាយ៉ាងណាត្រូវប្រាកដថា អ្នកគេងបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៩ ម៉ោង។
៤. អនុញ្ញាតឱ្យខ្លួនឯងត្រូវពន្លឺព្រះអាទិត្យ យ៉ាងហោចណាស់ ៣០ នាទីជាប្រចាំ
ការស្ថិតក្រោមពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃចន្លោះម៉ោង ១០ ព្រឹកនិង ៤ ល្ងាច គឺចាំបាច់ណាស់ចំពោះទាំងសុខភាព ព្រមទាំងអាចទប់ស្កាត់ភាព ងងុយគេងខ្លាំងកំឡុងពេលថ្ងៃ។
៥. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ជាវិធីដ៏ប្រសើរនឹងងាយបំផុតមួយដើម្បីបំបាត់ភាពងងុយ គេងខ្លាំងពេលថ្ងៃ។ ទោះជាយ៉ាងណាចៀសវាងធ្វើលំហាត់ប្រាណរយៈពេល យ៉ាងហោចណាស់ ៣ ម៉ោងមុនចូលគេង។
៦. ចៀសវាងពឹងផ្អែកលើគ្រឿងស្រវឹងដើម្បី គេងលក់ពេលយប់
គ្រឿងស្រវឹងអាចបណ្ដាលឱ្យអ្នកគេងមិនស្កប់ ជាលទ្ធផល នៃភាពអស់កម្លាំងល្វើយនៅព្រឹកបន្ទាប់។
៧. កម្ចាត់ភាពងងុយដោយការធ្វើកាយវិការ
ភ្លាមៗនៅពេលអ្នកមានអារម្មណ៍ចង់គេង ចូរក្រោកឡើងរួច ធ្វើសកម្មភាពរាងកាយ។ អ្នកអាចដើរចុះឡើង ឬទៅវិញទៅមក។
៨. ទទួលទានទឹក ១ កែវ
មនុស្សភាគច្រើននឹងចាប់ផ្ដើមទទួលទានកាហ្វេ ដើម្បីទប់ទល់ភាពងងុយគេង។ ប៉ុន្តែប្រសិនបើអ្នកមិនអាចទទួលទានកាហ្វេបានទេនោះ ចូរសាកល្បងទទួលទានទឹក ១ កែវជំនួសវិញដើម្បីកម្ចាត់ភាពងងុយបានយ៉ាងប្រសើរ៕ប្រភព៖health