កីឡា

ប្រធានល្បុក្កតោស្នើ ឲ្យគ្រូតា អាជ្ញាកណ្តាល ចៅក្រមត្រូវតែមាន ភាពសុក្រឹតយុត្តិធម៌ ក្នុងពេលប្រកួត ជើងឯកថ្នាក់ជាតិ

ភ្នំពេញ ៖លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានស្នើគ្រូតា អាជ្ញាកណ្តាល ចៅ ក្រមត្រូវតែមានភាពសុក្រឹតយុត្តិធម៌ ក្នុងពេលប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ២២ ដល់ ២៤ ខែមករា ឆ្នាំ ២០២១ បន្ទាប់ការប្រកួតនោបានពន្យាពេលអស់ជាច្រើនខែដោយសារមេរោគCOVID-19  លោកបណ្ឌិតសភាចារ្យលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៥មករា២០២១ ស្តីពីការរៀបចំបើកប្រកួតកីឡាល្បុកតោជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នាចុងខែនេះ ។

លោកប្រធានសហព័ន្ធមានប្រសាសន៍ថា នៅពេលបើកការប្រកួតជើងឯកខាងមុខនេះ លោកសុំឲ្យលោកគ្រូតាទាំងអស់ដែលជាគណ:កម្មការបច្ចេកទេស ជាអាជ្ញាកណ្តាល ចៅក្រម ប្រកាន់នូវភាពសុក្រឹតយុត្តិធម៌ កុំមានការយោគយល់ឱ្យសោះ ។ ចំពោកីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួមប្រកួតត្រូវគោរពឱ្យបាននូវបទបញ្ជានៃការប្រកួត ក៏ដូចជាគោរពវិន័យ កុំប្រើល្បិច និងត្រូវស្មោះត្រង់ជានិច្ច ធ្វើយ៉ាងណាឱ្យការប្រកួតប្រព្រឹត្តទៅប្រកបដោយលទ្ធផ លល្អនិងប្រសិទ្ធភាព។

 ជាមួយការណែនាំ លោកប្រធានសហ ព័ន្ធ ក៌បានសម្តែងការកោតសរសើរចំពោះកីឡាករ កីឡាការិនីល្បុក្កតោ ដែលកន្លង មក បានខិតខំបញ្ចេញសមត្ថភាពដណ្តើមមេដាយមាស ប្រាក់ សំរិទ្ធ យ៉ាងច្រើនជូនជាតិក្នុងអំឡុងចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ: កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបញ្ជាក់ថា ជាគោលដៅខាងមុខសហព័ន្ធនឹងខិតខំបង្រួបបង្រួមគ្រប់និន្នាការព្រឹទ្ធាចារ្យល្បុក្កតោទាំងអស់ ឱ្យស្ថិតនៅក្រោមការដឹកនាំរបស់សហព័ន្ធតែមួយដើម្បី ឆ្ពោះ ទៅ រក ជោគជ័យ នៅ ក្នុង  ការប្រកួតSEA GAMES ឆ្នាំ  ២០២៣  ដែល កម្ពុជា ត្រូវ ធ្វើ ជា ម្ចាស់ ផ្ទះ   ។ លោកបញ្ជាក់ថា តាមសកម្ម ភាពនភាពនិងសក្តានុពលរបស់កីឡាល្បុ ក្កតោកម្ពុជា គឺ អាច មាន លទ្ធភាព   ខ្ពស់ ក្នុង ការ  ដណ្តើមជយលាភីល្អជូនជាតិ។

 លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឲ្យដឹងថា ជារៀង រាល់ឆ្នាំការរៀបចំប្រកួតជើងឯក គឺតែងតែធ្វើនៅរៀងរាល់ចុងឆ្នាំ ដោយឡែកនៅឆ្នាំ ២០២០កន្លងមកនេះ ដោយសារជំងឺកូវីដ១៩រាតត្បាតបានធ្វើឲ្យការរៀបចំប្រកួត ជើងឯកល្បុក្កតោត្រូវពន្យារពេល១ទៅ ២ លើក ហើយទើបតែដើមឆ្នាំ២០២១នេះទេដែលជំងឺកូវីដ១៩ ត្រូវបានរាជរដ្ឋាភិបាលទប់ស្កាត់និងមានការធូរស្រាលច្រើន ហើយក្រសួងអប់រំ យុវជននិងកីឡា ក៏បានអនុ ញ្ញាតឱ្យរៀបចំឡើងវិញ។

លោកអគ្គលេខាធិការបានឲ្យដឹងទៀតថាសម្រាប់ការប្រកួតជើងឯកល្បុក្កតោលើកនេះ គឺមានការផ្លាស់ប្ដូរនិងធ្វើទំនើបកម្មទា ក់ទងទៅនឹងការរៀបចំប្រកួត ក៏ដូចជាកម្រិ តបច្ចេកទេសកីឡាករកីឡាការិនី  ដោយជំ រុញឱ្យមានសិទ្ធផលខ្ពស់និងការប្រកួតកា ន់តែមានភាពស្វាហាប់ជាងមុន។ហើយអ្វីដែលពិសេសទៀតនោះ គឺការប្រកួតជើង ឯកឆ្នាំនេះ សហព័ន្ធបានទទួលការជួយ ឧបត្ថម្ភពីក្រុមហ៊ុនសម្រស់ធម្មជាតិ រួមជា មួយនឹងថវិកាគាំទ្ររបស់ក្រសួងអប់រំផងនោះ នឹងធ្វើឱ្យកម្មវិធីប្រកួតជើងឯកលើកនេះ មានលក្ខណៈធំជាងឆ្នាំមុនៗ៕

ដោយ៖លី ភីលីព

Most Popular

To Top