បច្ចេកវិទ្យា

Apple សម្រេចចិត្ដ ដូរក្បាលម៉ាស៊ីនផ្នែកសំខាន់មួយ ព្រោះ​មហិច្ឆតា​អនាគត​ដ៏​ធំ

លោក Dan Riccio ប្រធានវិស្វកម្ម Hardware (hardware engineering chief) របស់ Apple នឹងត្រូវចុះចេញពីតំណែង ដើម្បីត្រួតពិនិត្យគម្រោងថ្មីមួយមានរយៈពេលយូរ។ នេះបើយោងទៅតាមការប្រកាសរបស់ Apple កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

ប្រធានវិស្វកម្មខាងលើធ្វើការនៅ Apple រយៈពេល ២៣ឆ្នាំ ធ្លាប់កាន់កាប់តួនាទីជាអនុប្រធានផ្នែករចនាម៉ូតផលិតផល បន្ទាប់មកនៅឆ្នាំ២០១០ ក៏ក្លាយជាអនុប្រធានវិស្វកម្ម Hardware ដែលទទួលខុសត្រូវលើផលិតផលសំខាន់ៗដូចជា Mac, iPhone, iPad និង iPod ជាដើម។

តំណែងរបស់ Riccio ត្រូវជំនួសដោយបុគ្គលិកជើងចាស់ John Ternus ដែលនឹងត្រូវមកចូលរួមជាមួយក្រុមប្រតិបត្តិ ក្នុងតួនាទីជាអនុប្រធានជាន់ខ្ពស់នៃវិស្វកម្ម Hardware។លោក John Ternus

លោក John Ternus

ក្នុងសេចក្ដីប្រកាស Tim Cook បាននិយាយថា Ricco បានធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនល្អប្រសើរ និងច្នៃប្រឌិតជានិច្ចមួយ។ ក្នុងសេចក្ដីប្រកាសរបស់ Apple វិញក៏បាននិយាយថា Ricco នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អអនាគតផលិតផល Apple ឱ្យកាន់តែប្រសើរថែមទៀត។ ដូច្នេះគេអាចសន្និដ្ឋានដឹងថា ក្រុមហ៊ុននឹងបន្តត្រូវការបុគ្គលិកមានស្នាដៃជាង២៣ឆ្នាំរូបនេះ ដើម្បីគាំទ្រផលិតផលសំខាន់ៗរបស់ពួកគេបន្តទៀតដូចជា រថយន្តអគ្គិសនី និងឧបករណ៍ AR/VR ដែលជាមហិច្ឆតារបស់ Apple នាពេលអនាគត៕

ប្រភព៖ sabay

Most Popular

To Top