កីឡា

លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡា បាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ ជ្រើសរើសជើងឯក ខេត្តកណ្តាល ឆ្នាំ២០២១

ខេត្តកណ្តាល៖ រសៀលថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាលបានចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ ជ្រើសរើសជើងឯក ខេត្តកណ្តាល ឆ្នាំ២០២១ នៅកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្តាល។

ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ នាពេលនេះ មិនត្រឹមតែការប្រកួតជ្រើសរើសយកជើងឯកខេត្តប្រចាំឆ្នាំ២០២១ តែប៉ុណ្ណោះទេ គឺជាការវាស់ស្ទង់នូវសមត្ថភាពរបស់ក្រុមកីឡាករនីមួយៗ ដើម្បីដឹងអំពីសមត្ថភាព ទទួលបានបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ ការពង្រឹងសមត្ថភាពក្រុម ដើម្បីត្រៀមចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ឆ្នាំ២០២១ ដែលជំហានដំបូងការប្រកួតក្នុងពូលមាន ៣ខេត្ត គឺ៖ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តស្វាយរៀង។

ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ សម្រាប់ឆ្នាំនេះ មានចំនួន១២ក្រុមគឺ៖ កីឡាបាល់ទាត់វ័យចាស់ មានចំនួន៤ក្រុម ស្មើនឹង៨០នាក់ និងគ្រូបង្វឹក៨នាក់ និង កីឡាបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ មានចំនួន៨ក្រុម ស្មើនឹង១៦០នាក់ និងគ្រូបង្វឹក ១៦នាក់ សរុបកីឡាករចូលរួមប្រកួតមានចំនួន២៤០នាក់ គ្រូបង្វឹក២៤នាក់។

Most Popular

To Top