ភ្នំពេញ ៖ ទោះជាកំពុងស្ថិតនៅក្នុងស្ថានភាព នៃវិបត្តិជំងឺ Covid-19 យ៉ាងណាក៏ដោយ សម្រាប់ខេត្តក្រុងចំនួន៥រួមមាន ខេត្តកែប កំពត កោះកុង កំពង់ស្ពឺ និងខេត្តមណ្ឌលគីរី នៅតែបន្តមានតម្រូវការទីផ្សារដីធ្លី និងមានសកម្មភាពទិញលក់ដដែល ខណៈដែលនៅក្នុងរាជធានីភ្នំពេញកំពុងជួបភាពស្ងប់ស្ងាត់។
នាយិកាប្រចាំប្រទេស ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា ទោះជាមានបញ្ហាប្រឈម ទៅនឹងព្រឹត្តិការណ៍ជាច្រើន ប៉ុន្តែសម្រាប់សកម្មភាព នៃការទិញលក់ដីធ្លីនៅតាមតំបន់ជាយក្រុង ជាពិសេសនៅខេត្តគោលដៅទេសចរណ៍មួយចំនួន ដែលកំពុងមានគម្រោងអភិវឌ្ឍន៍ ពីវិស័យឯកជននៅតែមានសកម្មភាព គ្រាន់តែមិនសូវមមាញឹកខ្លាំង។
លោកស្រីបានបន្តថា “សម្រាប់នៅរាជធានីភ្នំពេញ ហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅតាមខេត្តមួយចំនួន ដូចជា កំពត កែប កោះកុង កំពង់ស្ពឺ ក៏ដូចជាមណ្ឌលគីរី គឺនៅបន្តសកម្មភាពទិញលក់ ប៉ុន្តែមិនសូវមមាញឹកខ្លាំងដូចដើមឆ្នាំនោះទេ ហើយភាគច្រើនអ្នកទិញគឺជាអ្នកអភិវឌ្ឍន៍គម្រោងនានា ដូចជាគម្រោងតំបន់កម្សាន្តជាដើម” ។
លោកស្រីបានបន្តថា ខេត្តទាំងអស់នេះ គឺមានសក្ដានុពលដូចគ្នា ទៅលើផ្នែកទេសចរណ៍ ដូច្នេះការទិញភាគច្រើន គឺសម្រាប់អភិវឌ្ឍន៍ជាតំបន់កម្សាន្ត ផ្ទះលំហែរ ឬបឹងហ្គាឡូជាដើម ប៉ុន្តែសម្រាប់តម្លៃហាក់មិនមានការឡើងនោះទេ” ។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានប្រសាសន៍ថា “តាមការមើលឃើញរបស់ខ្ញុំ ក្នុងតំណាក់កាលនេះ ទាំងនៅក្នុងរាជធានីភ្នំពេញ ទាំងនៅតាមបណ្តាខេត្តនានា គឺមានភាពស្ងប់ស្ងាត់បន្តិច លើកលែងតែខេត្តក្រុងដែលជាគោលដៅទេសចរណ៍ ដែលនៅមានបន្តការទិញលក់” ។
លោកបានបន្តថា សកម្មភាពនៃការទិញលក់នេះទៀតសោត ក៏មិនមានទំហំធំដុំនោះដែរ ដោយសារតែចរន្ត នៃការវិនិយោគទ្រង់ទ្រាយ ធំពីសំណាក់អ្នកវិនិយោគ និងអភិវឌ្ឍន៍បរទេសត្រូវបានកាត់បន្ថយ ជាពិសេសការអវត្តមានក្រុមហ៊ុនវិនិយោគចិន ដែលបណ្តាលមកពីវិបត្តិ នៃជំងឺដែលកំពុងកើតមាន។
លោក វ៉ា វីរៈ បានមានប្រសាសន៍ថា “នៅពេលដែលមានអ្នកវិនិយោគធំៗ ចុះទិញដីធ្លីសម្រាប់អភិវឌ្ឍន៍ក្នុងគម្រោងណាមួយ វានឹងបន្តជះឥទ្ធិពលល្អ ដល់អ្នកវិនិយោគបន្ទាប់ ដែលមានទំហំតូចជាង ប៉ុន្តែនៅពេលដែលអវត្តមានក្រុមហ៊ុនធំ ដូច្នេះការទិញលក់មួយចំនួនទៀតការត្រូវបានកាត់បន្ថយ” ។ លោកបន្តថា “ប៉ុន្តែសម្រាប់ខេត្តទាំង៥ ដូចដែលបានលើកឡើងខាងលើនេះ ភាគច្រើនជាការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក សម្រាប់ រយៈពេលវែងតែប៉ុណ្ណោះ” ៕ propertyarea