ព័ត៌មានអន្តរជាតិ

នាវាឆ្មាំសមុទ្រចិន បន្ដសកម្មភាពរំលោភ ចូលដែនសមុទ្រជប៉ុន ក្បែរប្រជុំកោះសេនកាគូ

តូក្យូ៖ ឆ្មាំឆ្នេរសមុទ្រជប៉ុន បានឲ្យដឹងថា នាវាឆ្មាំសមុទ្រចិន នៅព្រឹកថ្ងៃអង្គារនេះ បានចូលក្នុងដែនទឹករបស់ជប៉ុន ម្តងទៀតនៅជិតប្រជុំកោះសេនកាគូ ដែលទាមទារដោយចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ទោះបីជាមានការតវ៉ាពីរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃច័ន្ទ ជុំវិញការលុកលុយ ស្រដៀងនឹងនាវាចិនក៏ដោយ ក៏នាវាឆ្មាំឆ្នេរសមុទ្រចិន ២ គ្រឿងបានលុកលុយ ចូលទៅក្នុងដែនទឹក ក្បែរក្រុមប្រជុំកោះ ដែលគ្មានមនុស្សរស់ នៅក្នុងសមុទ្រចិនខាងកើត ប្រហែលម៉ោង ៤ និង ១៥ នាទីព្រឹកនេះ។

យោងតាមឆ្មាំសមុទ្របានឲ្យដឹងថា នាវាចិន ២គ្រឿង ដែលជាប្រភេទនាវា ឬកប៉ាល់ខុសគ្នាពីថ្ងៃមុន បានតម្រង់ទៅទូកនេសាទរបស់ជប៉ុន ហើយបានធ្វើចលនាទៅជិតវា ប៉ុន្ដែមិនមានការប៉ះទង្គិចគ្នា កើតឡើងនោះទេ។

ការលុកលុយម្តងហើយម្តងទៀតកើតឡើង បន្ទាប់ពីច្បាប់ថ្មីបានចូលជាធរមាន នៅក្នុងប្រទេសចិននៅដើមខែនេះ ដែលអនុញ្ញាត ឱ្យឆ្មាំឆ្នេរសមុទ្រចិន ប្រើប្រាស់អាវុធប្រឆាំងនឹងនាវាបរទេស ដែលរដ្ឋាភិបាលក្រុងប៉េកាំងយល់ថា ចូលក្នុងដែនទឹករបស់ខ្លួន ដោយខុសច្បាប់។

យោងតាមទីស្នាក់ការកណ្តាល ឆ្មាំឆ្នេរសមុទ្រប្រចាំតំបន់ទី១១ ដែលមានមូលដ្ឋាន នៅទីក្រុងណាហា ខេត្តអូគីណាវ៉ា វាជាលើកទី ៧ ហើយនៅឆ្នាំនេះ ដែលនាវាចិន បានចូលក្នុងដែនទឹករបស់ជប៉ុន៕ ដោយ ៖ ឈូក បូរ៉ា

Most Popular

To Top