ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រឈមមុខនឹងកង្វះ ខាតចំណីអាហារ ជាង១លានតោន

បរទេស៖ ក្រសួងបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែប្រឈមមុខនឹងការខ្វះខាតចំណីអាហារជាង១លានតោន ហើយជំនួយគួរតែផ្តល់ឲ្យទាន់ពេលវេលា។

លោករដ្ឋមន្រ្តី Lee In-young បានមានប្រសាសន៍ប្រាប់នៅក្នុងកិច្ចប្រជុំគណៈ កម្មាធិការកិច្ចការបរទេសនិងបង្រួបបង្រួមរបស់រដ្ឋសភាជាតិថា ការខ្វះខាតនេះ គឺបណ្ដាលមកពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីរដូវក្តៅឆ្នាំមុន។

តាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា លោក Lee In-young បានមានប្រសាសន៍ប្រាប់ថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេធ្វើការប៉ាន់ស្មានថា មានការខ្វះខាតចំណីអាហារនៅទីណាមួយ ចាប់ពី១,២លានតោន ទៅ១,៣លានតោន នៅក្នុងឆ្នាំ២០២១ ក្រោយមានគ្រោះមហន្តរាយធម្មជាតិ កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ទីក្រុងសេអ៊ូល បានស្នើផ្តល់ជំនួយ ប៉ុន្តែទីក្រុងព្យុងយ៉ាងព្រងើយកន្តើយ នឹងសំណើនោះ ហើយនៅពេលថ្មីៗនេះ យោធារបស់ប្រទេសកូរ៉េខាងត្បូង បានព្រមានថា ប្រទេសកូរ៉េខាងជើង កំពុងតែពង្រីកទីតាំងមីស៊ីលរបស់ខ្លួន៕

Most Popular

To Top