ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បង្ហាញផែនការ សម្រាប់នាវាផ្ទុកយន្តហោះ ធុនស្រាល

បរទេស ៖ យោធាការពារជាតិ របស់ទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការផលិតនាវា ផ្ទុកយន្តហោះធុនស្រាលមួយគ្រឿង ដោយវិនិយោគទឹកប្រាក់ប្រមាណ ១,៨ពាន់លានដុល្លារ ហើយនឹងដាក់ប្រើប្រតិបត្តិការ ចាប់ពីក្នុងឆ្នាំ២០៣៣ ។

ទីភ្នាក់ងារសារព័ត៌មាន Newsis បានរាយការណ៍ថា រដ្ឋបាលផ្នែកទិញសម្ភារៈយោធា និងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ ដល់គណៈកម្មាធិការ លើកកម្ពស់គម្រោងការពារជាតិ លេខ១៣៣ នៅថ្ងៃចន្ទម្សិលមិញនេះថា គម្រោងនាវាផ្ទុកយន្តហោះធុនស្រាល គឺនឹងត្រូវដំណើរការទៅមុខ ។

យោងតាមសេចក្តីរាយការណ៍ ទីក្រុងសេអ៊ូល និយាយថា នាវាចម្បាំងនោះ នឹងផ្ទុកយន្តហោះហោះឡើង និងចុះចតប្រើពេលខ្លី ហើយនឹងឆ្លើយតប ចំពោះការគម្រាមកំហែង សន្តិសុខផ្សេងៗនៅដែនសមុទ្រ។ គម្រោងនេះគឺជាគម្រោងដំបូង ក្នុងចំណោមគម្រោងប្រភេទនេះ សម្រាប់យោធារបស់កូរ៉េខាងត្បូង ។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះធុនស្រាល ទម្ងន់៣០.០០០តោននោះ នឹងមានសមត្ថភាពដឹក ជញ្ជូនកងទ័ព និងសម្ភារៈ ព្រមទាំងបម្រើការយ៉ាងចម្បង ជានាវាបញ្ជាការ នៃអង្គភាពដែនសមុទ្រ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top