វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន និងសមភាគីរបស់លោក មកពីអូស្ត្រាលី ឥណ្ឌា និងជប៉ុន កាលពីថ្ងៃសុក្របានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា មេដឹកនាំទាំងនោះក៏បានលើកឡើងពីភាពចាំបាច់ ដើម្បីដោះស្រាយបញ្ហារបស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើងផងដែរ។
មេដឹកនាំទាំងអស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា“ យើងសូមបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះការរំសាយអាវុធនុយក្លេអ៊ែរពេញលេញរបស់កូរ៉េខាងជើងស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏បានបញ្ជាក់ពីភាពចាំបាច់នៃដំណោះស្រាយភ្លាមៗចំពោះបញ្ហាជនចាប់ពង្រត់ជនជាតិជប៉ុនផងដែរ” ។
លោក បៃ ត្រូវបានចូលរួមដោយនាយករដ្ឋមន្រ្តីប្រទេសអូស្ត្រាលីលោក Scott Morrison លោក Narendra Modi នៃប្រទេសឥណ្ឌា និងលោក Yoshihide Suga នៃប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូលដំបូងនៃបណ្តាប្រទេស ដែលបង្កើតវេទិកាថ្នាក់តំបន់ ដែលគេស្គាល់ថា Quad ។
ការប្រជុំកាលពីថ្ងៃសុក្រ បានធ្វើឡើងបន្ទាប់ពីអ្នកការទូតកំពូលៗ របស់ប្រទេសទាំងនេះ បានធ្វើកិច្ចចរចាជាក់ស្តែងកាលពីខែមុន ដែលក្នុងនោះពួកគេបានយល់ព្រមរៀបចំការប្រជុំថ្នាក់រដ្ឋមន្ត្រីជារៀងរាល់ឆ្នាំ។
Quad ត្រូវបានគេមើលឃើញថា ភាគច្រើនជាក្រុមប្រឆាំងចិន ក្រោមការគ្រប់គ្រងរបស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ប៉ុន្តែរដ្ឋបាលលោក បៃដិន លើកឡើងថា វេទិកានេះនឹងផ្តោតលើបញ្ហាក្នុងតំបន់ និងពិភពលោកជាច្រើនទៀតរួមទាំងការប្រែប្រួលអាកាសធាតុ និងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ក្រុងព្យុងយ៉ាង បាននៅឆ្ងាយពីការចរចានុយក្លេអ៊ែរចាប់តាំងពីកិច្ចប្រជុំកំពូលទ្វេភាគីលើកទី ២ របស់មេដឹកនាំលោក គីម ជុងអ៊ុន ជាមួយលោក ដូណាល់ ត្រាំ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងនៅទីក្រុងហាណូយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩៕
ដោយ ឈូក បូរ៉ា