បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងធ្វើសមយុទ្ធទ័ពជើងទឹកដ៏ធំមួយ រួមជាមួយប៊ែលហ្ស៊ីក បារាំងនិងជប៉ុន នៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់នៅក្នុងតំបន់។
តាមសេចក្តីរាយការណ៍ សមយុទ្ធនេះ នឹងឃើញមាននាវាមកពីប្រទេសទាំង៤ ធ្វើសមយុទ្ធនៅសមុទ្រអារ៉ាប់និងឈូងសមុទ្រអូម៉ង់ ហើយនាវាដែលចូលរួមនោះ រួមមាននាវាផ្ទុកយន្តហោះបារាំង Charles de Gaulle ក៏ដូចជានាវាវាយប្រហារទាំងក្នុងទឹកនិងលើគោក USS Makin Island។
ក្រៅពីនោះ នាវាចម្បាំងរបស់ប្រទេសប៊ែលហ្ស៊ីក HNLMS Leopold I និងនាវាពិឃាដរបស់ប្រទេសជប៉ុន JS Ariake ព្រមទាំងយន្តហោះមកពីប្រទេសទាំង៤ ក៏នឹងចូលរួមក្នុងសមយុទ្ធនោះផងដែរ។
គួរបញ្ជាក់ថា សមយុទ្ធទ័ពជើងទឹកនេះ គឺត្រូវបានប្រារព្ធធ្វើឡើង ស្របពេលដែលប្រទេសអ៊ីរ៉ង់បោះបង់ចោលឈប់អនុត្តតាមការដាក់កំហិតទាំងអស់ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងជាមួយមហាអំណាចពិភពលោក ក្រោយការសម្រេចចិត្តក្នុងឆ្នាំ២០១៨របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ ដោយឯកតោភាគី៕
ប្រែសម្រួល៖ប៉ាង កុង