បើនិយាយពីអ្នកលេងគុនខ្មែរ កែវ រំចង់ មិនត្រឹមតែល្បីក្នុងស្រុកនោះទេ សូម្បីនៅឯប្រទេសថៃ ក៏ល្បីដែរជាពិសេសសង្វៀនលំដាប់ Thai Fight តែម្ដង។ មានអ្នកស្គាល់ និងចូលចិត្តមើល រំចង់ ប្រកួតច្រើនផងដែរពីមុននោះ។ ថ្ងៃនេះ Sabay នឹងលើកយក ២ ចំណុចដែលធ្វើឲ្យអ្នកលេងគុនខ្មែររូបនេះមានឈ្មោះបោះសំឡេងនៅឯប្រទេសថៃ កន្លងទៅនេះ។
ចំណុចទី១ អ្នកប្រដាល់ចិត្តសឿង អង្គអាចក្លាហាន
កែវ រំចង់ ជាកីឡាករមិនចេះចាញ់ទឹកដី បើទោះជាត្រូវប៉ះជាមួយលំដាប់ A របស់គេក៏ដោយមិនរាថយនោះទេ។ មួយវិញទៀតបើដៃគូធ្វើខុសលក្ខន្តិកៈមកលើខ្លួនគឺសងវិញភ្ហាមៗមិនខ្វល់ជាកីឡាករម្ចាស់ផ្ទះអ្វីឡើយ។ ឧទាហរណ៍ជាក់ស្ដែងអំឡុងប៉ះគ្នាជាមួយកីឡាករថៃ មុខឌឺ Iquezang នៅ Thai Fihgt អីចឹង លួចធាក់ កែវ រំចង់ ពេលអាជ្ញាកណ្ដាលឃាត់ ហើយភ្លាមនោះក៏ត្រូវមួយជើងសងវិញតែម្ដង។
ចំណុចទី២ ប្រកួតអស់ពីសមត្ថភាព
អ្នកប្រដាល់ដើមកំណើតមកពីបាត់ដំបង រូបនេះគឺនៅពេលឡើងប្រកួតម្ដងៗតែងតែវ៉ៃអស់ពីសមត្ថភាពមិនថាប៉ះអ្នកខ្លាំង ឬខ្សោយកម្រិតណាឡើយ។ ដូចជាប៉ះ Iquezang ក៏វ៉ៃជក់ចិត្ត និងអស់ពីសមត្ថភាព។ ចំណែកកាលប៉ះ Yudsanklai ក៏ រំចង់ មិនខ្លាច និងប្រឹងវ៉ៃអស់ពីសមត្ថភាពដែរ បើទោះជាលទ្ធផលចាញ់សន្លប់មែន ប៉ុន្តែមើលឃើញថារូបគេពិតជាខំប្រឹងអស់ពីលទ្ធភាពមែនដោយសារក្បាច់ស្នៀតរបស់យើងនៅមានកម្រិត។ ចំណុចពិសេសទាំងនេះហើយដែលធ្វើឲ្យ រំចង់ ល្បីឈ្មោះ និងមានអ្នកចូលចិត្តច្រើនមកសព្វថ្ងៃ៕