សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋបាលរបស់លោក Joe Biden (ចូ បៃឌិន) ប្រធានាធិបតីអាមេរិក បានចាត់វិធានការខុសជាលើកដំបូង ហើយបានបង្ហាញពី “អរិភាពដ៏ស៊ីជម្រៅ” ដោយការរិះគន់ការសាកល្បងមីស៊ីលការពារខ្លួន ។
កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីប្រភេទថ្មីមួយប្រភេទ ។
លោក បៃឌិន បានថ្លែងថា ការសាកល្បងនេះបានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ប៉ុន្តែបានថ្លែងថា លោកនៅតែបើកចំហចំពោះការទូតជាមួយទីក្រុងព្យុងយ៉ាងដដែល ។
លោក Ri Pyong Chol លេខាធិការគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង បានលើកឡើងថា ការបាញ់សាកល្បងមីស៊ីលការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាមួយនឹងសមយុទ្ធយោធារួមគ្នា និងអាវុធទំនើប ៗ របស់ពួកគេ ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានចុះផ្សាយថា លោក Ri បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះនាយកប្រតិបត្តិអាមេរិកដែលបានបង្កកំហុសដោយការបាញ់សាកល្បងជាទៀងទាត់ការអនុវត្តសិទ្ធិរបស់រដ្ឋដើម្បីការពារខ្លួនរបស់យើងដូចជាការរំលោភលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ និងការបង្ហាញឱ្យឃើញនូវអរិភាពដ៏ជ្រាលជ្រៅរបស់លោក” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា