ព្រឹត្តិការណ៍

ដល់ពេលដែលអាមេរិក គៀបជប៉ុន ឱ្យបង្កើនការចំណាយ ៣០០ភាគរយ លើការដាក់ពង្រាយ ទ័ពខ្លួនម្តង

ប្រែសម្រួលៈ ណៃ តុលា

បរទេស៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធរួចហើយទៅលើ សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺអាល្លឺម៉ង់ និងប្រទេសកាណាដា ដើម្បីបង្កើនការចំណាយ លើវិស័យការពារជាតិ។ ឥឡូវនេះ អាមេរិកចង់ទទួលបានកាន់តែច្រើន ពីសម្ព័ន្ធមិត្ត ជិតដិតបំផុតរបស់ខ្លួននៅអាស៊ីនោះ គឺទីក្រុងតូក្យូនិងសេអ៊ូល ដែលបានចំណាយប្រាក់ រាប់ពាន់លានដុល្លាររួចហើយ ដើម្បីចំណាយលើការឈរជើង កងទ័ពអាមេរិក រាប់ម៉ឺននាក់ នៅប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងទាមទារ ឱ្យប្រទេសជប៉ុនចំណាយ ៤ ដងបន្ថែមទៀត សម្រាប់កងទ័ពអាមេរិកចំនួន ៥៤.០០០ នាក់ ដែលឈរជើងនៅ ក្នុងប្រទេសកោះមួយនេះ គឺ ៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ ជំនួសឱ្យ ២ ពាន់លាន ដុល្លារ ដែលខ្លួនបានទូទាត់នៅពេលបច្ចុប្បន្ននេះ។ នេះតាមពី Foreign Policy ដែលបានស្រង់ប្រភព ពីអ្នកដែលស្និតនឹងបញ្ហានេះ ហើយបើយោងតាមការចេញ ផ្សាយនេះ, អតីតទីប្រឹក្សាសន្តិសុខជាតិលោក John Bolton បានផ្ដល់សំណើក្នុងអំឡុង ពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់នេះនៅក្នុងខែកក្កដា។

ទោះយ៉ាងណា ដូចដែលកាសែត The Japan Times បានរាយការណ៍ ទីក្រុងតូក្យូបានបដិសេធសំណើនេះ។

មន្ត្រីជាន់ខ្ពស់ របស់ប្រទេសនេះត្រូវបានគេនិយាយថា បានចាត់ទុកតម្រូវការនេះ ថាជាការ“ មិនប្រាកដនិយម” ដោយសំអាងថា ទីក្រុងតូក្យូកំពុង ចំណាយថ្លៃដើម ជាស្ថានីយ៍ ច្រើនជាងសម្ព័ន្ធមិត្តអាមេរិកដទៃទៀត។

សូមជម្រាបថា នៅប្រទេសកូរ៉េខាងត្បូង ជាទីដែលមានកម្លាំងអាមេរិកចំនួន ២៨.៥០០ នាក់ឈរជើង ទីក្រុងវ៉ាស៊ីនតោនកំពុងច្របាច់រដ្ឋាភិបាលទីក្រុងសេអ៊ូល ឱ្យបង្កើន ការចំណាយច្រើនជាង សមាមាត្រពីប្រទេសជប៉ុន – ពីប្រមាណ ១ ពាន់លានដុល្លារ រហូតដល់ ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំឯណោះ៕

Most Popular

To Top