បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានប្រកាសនៅពេលថ្មីៗនេះថា នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិកមួយគ្រឿង និងនាវាពិឃាតទ័ពជើងទឹក អូស្ត្រាលីមួយគ្រឿង បានចូលរួមក្នុងសមយុទ្ធ Group Sail នៅក្នុងសប្ដាហ៍នេះ ។
តាមសេចក្តីរាយការណ៍ នាវាពិឃាតសមត្ថភាពមីស៊ីលរបស់សហរដ្ឋអាមេរិក USS John Finn និងនាវាពិឃាតសង្គ្រាមដែនអាកាសអូស្ត្រាលី HMAS Sydney បានជួបគ្នាសម្រាប់សមយុទ្ធរយៈពេលពីរថ្ងៃ នៅក្បែរតំបន់ឆ្នេររដ្ឋកាលីហ្វូញ៉ាភាគខាងត្បូង California។
សេចក្តីប្រកាសព័ត៌មានមួយ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនោះត្រូវបានប្រើប្រាស់ ដើម្បីធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពផែនការនិងទំនាក់ទំនងគ្នា រវាងអាមេរិកនិងអូស្ត្រាលី ហើយនិងធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាពប្រតិបត្តិការដែនសមុទ្រ”។
គួរបញ្ជាក់ថា តាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សកម្មភាពសមយុទ្ធ Group Sail នោះ គឺត្រូវបានរចនាបង្កើតឡើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវភាពជាដៃគូ និងរួមបញ្ចូលគ្នានូវសមយុទ្ធ ដ៏ខ្លាំងក្លានិងអន្តរប្រតិបត្តិការ៕
ប្រែសម្រួល៖ប៉ាង កុង


