ព័ត៌មានអន្តរជាតិ

អាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងធ្វើកិច្ចពិភាក្សា ប្រយោលសម្រាប់ភាពអាចវិលត្រឡប់ចូល កិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥វិញ


បរទេស៖ ភាគីនៅសេសសល់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ បាននិយាយក្នុងពេលថ្មីៗនេះថា សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានព្រមព្រៀងគ្នាធ្វើកិច្ចចរចាតាមរយៈអន្តរការីនៅក្នុងប្រទេសអូទ្រីស នាសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាអំពីភាពអាចវិលត្រឡប់វិញរបស់អាមេរិក ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។


តាមសេចក្តីរាយការណ៍ នឹងមិនមានកិច្ចពិភាក្សាគ្នាផ្ទាល់ទេ រវាងប្រទេសទាំងពីរ នៅក្នុងអំឡុងពេលកិច្ចចរចាគ្នាថ្មី ដែលនឹងកើតមាននៅក្នុងទីក្រុងវីយែន ហើយកិច្ចពិភាក្សាគ្នា នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ហើយនឹងជាជំហានដ៏ហ្មត់ចត់ដំបូង ឆ្ពោះទៅរកការចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឡើងកាន់អំណាចមក។

ប្រទេសអ៊ីរ៉ង់ រុស្ស៊ី ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ដែលទាំងអស់សុទ្ធតែជាភាគីនៅសេសសល់នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាគ្នា ពីរបៀបដែលសហរដ្ឋអាមេរិក អាចនឹងវិលត្រឡប់វិញចូលកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជាឯកតោភាគីដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ នៅក្នុងឆ្នាំ២០១៨ ដោយហៅវាថាជាកិច្ចព្រមព្រៀងអាក្រក់ ហើយនៅក្នុងឆ្នាំមិញនេះ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើប្រទេសអ៊ីរ៉ង់ ទន្ទឹមនឹងការបន្ថែមវិធានការថ្មីរាប់ពាន់៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top