បរទេស ៖ ក្រសួងការពារជាតិ នៃកោះតៃវ៉ា់ន់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា បណ្ដាប្រទេសអឺរ៉ុបនានា នឹងផ្តល់ការ ជួយដល់គម្រោង នាវាមុជទឹកផលិតក្នុងស្រុករបស់តៃវ៉ាន់ ហើយនេះជាការបញ្ជាក់ដ៏កម្រមួយថា កម្មវិធីដ៏រសើបនោះ មិនមែនទទួលបានការជួយ ពីអាមេរិកតែម្នាក់នោះទេ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ បានផ្តល់ភ្លើងខៀវ សម្រាប់ក្រុមហ៊ុនផលិត អាមេរិកនានា ឲ្យចូលរួមក្នុងកម្មវិធីនាវាមុជទឹកនោះ ដែលជាទង្វើមួយ ត្រូវគេមើលឃើញថា ជាការជួយតៃវ៉ាន់ ឲ្យទទួលបានសម្ភារៈផលិតចម្បងៗ ប៉ុន្តែវាមិនទាន់ប្រាកដនៅឡើយទេថា ក្រុមហ៊ុនណានឹងចូលរួមខ្លះនោះ ។
ជាទូទៅ បណ្ដាប្រទេសអឺរ៉ុប តែមានក្តីព្រួយបារម្ភ ចំពោះការអនុញ្ញាត ឲ្យលក់អាវុធឲ្យកោះតៃវ៉ាន់ ព្រោះភ័យខ្លាចចិនខឹង ប៉ុន្តែ នៅក្នុងឆ្នាំ២០១៨ តៃវ៉ាន់បាននិយាយថា ខ្លួនកំពុងតែពិភាក្សាជាមួយក្រុមហ៊ុនមួយ មានមូលដ្ឋាន លើឧបទ្វីប Gibraltar ទឹកដីអង់គ្លេស ស្តីពីការរចនាកងនាវាមុជទឹកថ្មី។
គួរបញ្ជាក់ថា នាវាមុជទឹក២គ្រឿងក្នុងចំណោមនាវាមុជទឹក សកម្ម៤គ្រឿងរបស់ តៃវ៉ាន់ គឺផលិតនៅក្នុងប្រទេស ហូឡង់ ក្នុងទសវត្សឆ្នាំ១៩៨០ ប៉ុន្តែប្រទេសនេះបានបដិសេធ មិនលក់នាវាបន្ថែមទៀត ឲ្យកោះតៃវ៉ាន់ ៕ប្រែសម្រួល៖ប៉ាង កុង

