ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹក អាមេរិក និងកងទ័ពអាកាស ម៉ាឡេស៊ី ធ្វើសមយុទ្ធ ទ្វេភាគី នៅសមុទ្រចិន ខាងត្បូង

បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ អាមេរិក USS Theodore Roosevelt ទើបបានបញ្ចប់សមយុទ្ធយោធាមួយ នៅដែនសមុទ្រចិនខាងត្បូង ជាមួយកងកម្លាំងជើង អាកាស នៃប្រទេសម៉ាឡេស៊ី ។

នាវាផ្ទុកយន្តហោះនិងកងនាវាលេខ១១ ដែលអមដំណើរដោយនាវាចម្បាំង សមត្ថភាពមីស៊ីល USS Bunker Hill ព្រមទាំងនាវាពិឃាត USS John Finn និង USS Russell បានធ្វើសមយុទ្ធយោធាទ្វេភាគី ជាមួយកងទ័ពអាកាសម៉ាឡេស៊ី នៅថ្ងៃអង្គារនិងថ្ងៃពុធសប្ដាហ៍នេះ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកឧត្តមនាវី Doug Verissimo ជាមេបញ្ជាការ នៃក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះលេខ៩ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងថ្លែងអំណរគុណយ៉ាងជ្រាល់ជ្រៅ សម្រាប់ឱកាសធ្វើការហ្វឹកហាត់រួមគ្នាជាមួយកងទ័ពអាកាសម៉ាឡេស៊ី”។
គួរបញ្ជាក់ថា សម្ពន្ធមិត្តយោធា របស់សហរដ្ឋអាមេរិក ជាមួយអូស្ត្រាលី និង នូវែលសេឡង់ ធ្វើប្រទេសម៉ាឡេស៊ី ឲ្យជាសមាជិកមួយ នៃសន្ធិសញ្ញា រៀបចំការពារ អំណាចទាំង៥ ជាមួយអូស្ត្រាលី នូវែលសេឡង់ សិង្ហបុរី និងអង់គ្លេស ដែលជាសម្ពន្ធមិត្ត របស់សហរដ្ឋអាមេរិក។ ប្រទេសម៉ាឡេស៊ី ក៏មានជាប់ពាក់ព័ន្ធ ក្នុងជម្លោះទឹកដី ជាមួយប្រទេសចិនផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top