ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងព្រួយបារម្ភ ចំពោះការបង្កើត​យោធា​ របស់រុស្ស៊ី នៅតាមព្រំដែន អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយចលនាកងទ័ពរុស្ស៊ី នៅតាមព្រំដែនរបស់ខ្លួន ជាមួយអ៊ុយក្រែន ដោយកត់សម្គាល់ថា ប្រទេសរុស្ស៊ីឥឡូវនេះ មានកងទ័ពនៅតាមព្រំដែនច្រើន ជាងពេលណាៗទាំងអស់ចាប់ តាំងពីឆ្នាំ២០១៤ មក។

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងសន្និសីទកាសែត ប្រចាំថ្ងៃថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយការកើនឡើងការឈ្លានពាន របស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន រួមទាំងចលនាកងទ័ពរុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន ។

លោកស្រីបានបន្ថែមថា “ ទាហានអ៊ុយក្រែនចំនួន ៥ នាក់ ត្រូវបានសម្លាប់ក្នុងសប្តាហ៍នេះ” ។ លោកស្រីក៏បានកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះប្រទេសរុស្ស៊ី បានដាក់ពង្រាយកងទ័ព បន្ថែមទៀត នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន ជាងពេលណាៗទាំងអស់ ចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលជម្លោះនៅភាគខាងកើត អ៊ុយក្រែន បានផ្ទុះឡើង។ ជម្លោះដែលកំពុងកើតមាននេះបានសម្លាប់មនុស្សប្រមាណ ១៤,០០០ នាក់ និង ធ្វើឲ្យមនុស្សប្រមាណ ៤០,០០០ នាក់រងរបួស ។

អគ្គសេនាធិការរង វិមានក្រឹមឡាំងលោក Dmitry Kozak បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី នឹងត្រូវបង្ខំឱ្យការពារប្រជាជននៅតំបន់ដុនបាស ភាគខាងកើត នៃប្រទេសអ៊ុយក្រែនប្រសិន បើមានតម្រូវការចាំបាច់ ។

ការសម្រេចចិត្តបែបនេះ នឹងអាស្រ័យលើទំហំ នៃអំពើហឹង្សានៅក្នុងតំបន់ ។ លោកបន្ថែមថា “ ទម្រង់ប្រដាប់អាវុធ” នៅតំបន់ដុនបាស គឺមានបទពិសោធន៍ ហើយបច្ចុប្បន្នអាចការពារខ្លួនដោយគ្មាន ជំនួយពីខាងក្រៅបាន ។ លោកបានបញ្ជាក់ជាថ្មីថា រុស្ស៊ីមិនចង់រំលោភអធិបតេយ្យភាព របស់អ៊ុយក្រែន ឬរំលោភយកទឹកដីរបស់ខ្លួនឡើយ ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថា សហរដ្ឋអាមេរិក គាំទ្រដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដល់សមភាគីអ៊ុយក្រែន របស់លោក គឺលោក Volodymyr Zelensky តាមទូរស័ព្ទកាលពីថ្ងៃសុក្រ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top