បរទេស៖ ទិដ្ឋភាពមនុស្សរាប់ពាន់នាក់ ដែលចូលរួមក្នុងការប្រមូលផ្តុំសាសនាដ៏ធំបំផុត នៅលើពិភពលោកនៃពិធីបុណ្យ Kumbh Mela បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាច្រើននៅលើបណ្តាញសង្គម នៅពេលដែលប្រទេសឥណ្ឌា បានមើលឃើញការកើនឡើង នូវករណីឆ្លងជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ ដែលបានធ្វើឱ្យឥណ្ឌាវ៉ាដាច់ ប្រទេសប្រេស៊ីល ជាប្រទេសដែលទទួលរងផល ប៉ះពាល់អាក្រក់បំផុតទីពីរនៅក្នុងពិភពលោក។
ទោះយ៉ាងណានៅឆ្នាំនេះនៅ ពេលមនុស្សរំពឹងថាអ្វីៗនឹងមានភាពខុសប្លែកគ្នា រវាងការរាតត្បាតដ៏ខ្លាំងនៅក្នុងប្រទេស និងរលកទីពីរ, ប្រជាជនឥណ្ឌាជាង ២,១ លាននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Haridwar នៅរដ្ឋ Uttarakhand ដោយមិនពាក់មាស់ការពារ ឬ រក្សាគម្លាតសុវត្ថិភាពឡើយ និងបាននាំគ្នាចុះមុជទឹកលាងបាបនៅក្នុងទន្លេ គង្គារ កាលពីល្ងាចថ្ងៃច័ន្ទ។
យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ពិធីបុណ្យ Kumbh Mela គឺជាការប្រជុំសាសនារបស់ហិណ្ឌូដែលកើតឡើងរៀងរាល់ ១២ ឆ្នាំម្តង ហើយក្នុងនោះមនុស្សរាប់ពាន់នាក់បានចុះមុជទឹកនៅដងទន្លេគង្គា ដែលត្រូវបានគេជឿថា ដើម្បីលាងបាបរបស់ពួកគេ រួចផុតពីគ្រោះចង្រៃ។
ម៉្យាងវិញទៀតស្ថានភាពនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌាកាន់តែអាក្រក់ទៅ ៗ ដោយប្រទេសនេះបានរាយការណ៍អំពីករណីឆ្លងជាង ១០០.០០០ នាក់ ជារៀងរាល់ថ្ងៃ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃច័ន្ទប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១៦៨ ០០០ នាក់ ដែលបានវ៉ាដាច់ប្រទេសប្រេស៊ីល ក្លាយជាប្រទេសដែលមានចំនួនករណីឆ្លងខ្ពស់បំផុតទី ២ នៅទូទាំងពិភពលោក៕ប្រែសម្រួលៈ ណៃ តុលា