ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បណ្ដេញមន្ត្រី ការទូតអាមេរិក ១០នាក់ ឆ្លើយតបនឹងទណ្ឌកម្ម លោក បៃដិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា វិមានក្រឹមឡាំង នឹងបណ្ដេញមន្ត្រីការទូត សហរដ្ឋអាមេរិក ចំនួន១០នាក់ ក្នុងដំណើរឆ្លើយតប ចំពោះការដាក់ទណ្ឌកម្ម របស់លោកប្រធានាធិបតី អាមេរិក ចូ បៃដិន។

លោក ចូ បៃដិន បាននិយយា នៅថ្ងៃព្រហស្បតិ៍ថា ទណ្ឌកម្មនឹងជះឥទ្ធិពល ដល់បុគ្គល និងអង្គភាពរុស្ស៊ី ជាច្រើន សម្រាប់ការប៉ុនប៉ង ធ្វើការជ្រៀតជ្រែក និងធ្វើឲ្យមានឥទ្ធិពលអាក្រក់ ចំពោះការបោះឆ្នោត ជ្រើសប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០។

លោកប្រធានាធិបតីអាមេរិក រូបនេះ បានមានប្រសាសន៍ថា លោកបានប្រាប់ ដល់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងធ្វើការឆ្លើយតប ក្នុងចំណាត់ការនិងមធ្យោបាយ ដ៏សមស្របមួយ ក្រោយកំណត់ថា រុស្ស៊ីបានជ្រៀតជ្រែក ក្នុងការបោះឆ្នោតឆ្នាំ២០២០ និងត្រូវទទួលខុសត្រូវ ចំពោះការពង្រីកការវាយប្រហារ តាមអ៊ីនធឺណេត ទៅលើទីភ្នាក់ងារ និងសាជីវកម្មអាមេរិក កាលពីឆ្នាំមិញនេះ។

យោងតាមកាសែតរុស្ស៊ី TASS បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានមានប្រសាសន៍យ៉ាងដូច្នេះថា “មន្ត្រីការទូត១០រូប មានឈ្មោះក្នុងបញ្ជី ដែលភាគីសហរដ្ឋអាមេរិក ប្រគល់ឲ្យយើង ស្នើធ្វើឲ្យប្រាកដថា ពួកគេចាកចេញ ពីសហរដ្ឋអាមេរិក ហើយយើងនឹងផ្តល់ការ ឆ្លើយតបវិញភ្លាមៗ ចំពោះរឿងនោះ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top