លោក Bill Gates ធ្លាប់បានជាប់ឈ្មោះជាបុគ្គលដែលមានទឹកប្រាក់ច្រើនជាងគេនៅលើពិភពលោកជាច្រើនលើកមកហើយ។ ជាក់ស្ដែងកាលពីខែមីនាឆ្នាំ២០១៥នេះគាត់បានឈរនៅលំដាប់កំពូលម្ដងទៀតជាមួយទឹកប្រាក់៧៩,២ពាន់លានដុល្លារ។
ក្រឡេកទៅមើលភូមិគ្រឹះរបស់មហាសេដ្ឋីសប្បុរសរូបនេះវិញគឺមានតម្លៃដល់ទៅ៦៣លានដុល្លារ ដែលមិនស្មើនឹង០,១ភាគរយនៃទ្រព្យសម្បត្តិសរុបផង។ ក្រៅពីតម្លៃថ្លៃហើយនៅមានរឿងពិតមិនគួរឲ្យជឿមួយចំនួនផ្សេងទៀតអំពីភូមិគ្រឹះនេះដែលមានដូចខាងក្រោម៖
១. បច្ចេកវិទ្យាគ្រប់គ្រងបរិយាកាសដ៏ទំនើប
ភ្ញៀវដែលចូលទៅក្នុងគេហដ្ឋានត្រូវបានផ្ដល់នូវបន្ទះ Chip ម្យ៉ាង ដែលវាមានទំនាក់ទំនងជាមួយនឹង Sensor ដែលមាននៅក្នុងគេហដ្ឋានទាំងអស់។ ភ្ញៀវអាចកំណត់សីតុណ្ហភាពតាមរយៈបន្ទះ Chip ដើម្បីឲ្យសីតុណ្ហភាពក្នុងគេហដ្ឋានប្រែប្រួលនៅទីតាំងដែលភ្ញៀវបានទៅដល់។
២. ប្រើប្រាស់ឈើអាយុកាល៥០០ឆ្នាំ
ភូមិគ្រឹះនេះសាងសង់ឡើងដោយប្រើប្រាស់ដើមឈើកកោះ ដែលមានអាយុកាលដល់ទៅ៥០០ឆ្នាំ ព្រមទាំងប្រើប្រាស់កម្លាំងពលករដល់ទៅ៣០០នាក់សម្រាប់ការសាងសង់។
៣.ផ្ទាំងគំនូរលើជញ្ជាំងផ្លាស់ប្ដូរបានដោយចុចប៊ូតុងមួយ
អេក្រង់កុំព្យូទ័រតម្លៃ៨ម៉ឺនដុល្លារត្រូវបានបំពាក់នៅលើជញ្ជាំងក្នុងគេហដ្ឋាន ដោយចុចតែប៊ូតុងមួយគេអាចបញ្ជាឲ្យអេក្រង់នោះបង្ហាញរូបថតឬគំនូរដែលមានរក្សាទុកនៅក្នុង ឧបករណ៍រក្សាទុកទិន្នន័យតម្លៃ១៥០ ០០០ដុល្លារបាន។
៤. ទីលានសម្រាប់ហាត់កីឡា
ទីលានសម្រាប់ហាត់កីឡាមានទំហំ២៣២,២៥ម៉ែត្រការ៉េ ដោយក្នុងនោះរួមមានកន្លែងសោណា បន្ទប់ស្ទីម បន្ទប់ផ្លាស់សំលៀកបំពាក់សម្រាប់បុរសនិងស្ត្រី ដែលដាច់ដោយឡែកពីគ្នា។
៥.បន្ទប់ទទួលភ្ញៀវមានទំហំធំផ្ទុកមនុស្សបានដល់ទៅ២០០នាក់
បន្ទប់ទទួលភ្ញៀវទំហំ២១៣ម៉ែត្រការ៉េ អាចទទួលភ្ញៀវសម្រាប់កម្មវិធីជប់លៀងផ្សេងៗបានរហូតដល់ទៅ២០០នាក់។
៦. ផ្ទះបាយសរុបមានចំនួន៦
ផ្ទះបាយចំនួន៦ត្រូវបានដំឡើងនៅទីតាំងផ្សេងគ្នានៅក្នុងភូមិគ្រឹះ ដើម្បីងាយស្រួលរៀបចំម្ហូបអាហារបានរហ័សនិងងាយស្រួលសម្រាប់កម្មវិធី។
៧. បណ្ណាល័យផ្ទាល់ខ្លួន
បណ្ណាល័យផ្ទាល់ខ្លួនទំហំ១៩៥ម៉ែត្រការ៉េមានរក្សាទុកសៀវភៅចំណាស់និងរបស់មានតម្លៃមួយចំនួនដោយក្នុងនោះក៏មានសៀវភៅចំណាស់មួយក្បាលដែលលោក Bill Gates បានដេញថ្លៃយកបានក្នុងតម្លៃដល់ទៅ៣០,៨លានដុល្លារ។ សៀវភៅចំណាស់នោះគឺជាស្នាដៃរបស់អ្នកនិពន្ធ Leonardo da Vinci មានចំណង់ជើងថា Codex Leicester។
៨. បុគ្គលិកមួយរូបហ៊ានចំណាយ៣៥ ០០០ដុល្លារដើម្បីចូលទស្សនាភូមិគ្រឹះនេះ
ជារៀងរាល់ឆ្នាំក្រុមហ៊ុន Microsoft បង្កើតកម្មវិធីសប្បុរសមួយដោយបុគ្គលិកក្រុមហ៊ុននាំគ្នាឧបត្ថម្ភផលិតផលនិងសេវាកម្មដើម្បីឲ្យបុគ្គលិកដទៃទៀតធ្វើការដេញថ្លៃយក។ កាលពីមុនលោក Bill Gates ធ្លាប់បានឧបត្ថម្ភការចូលទស្សនាភូមិគ្រឹះរបស់ខ្លួន ដោយការដាក់ដេញថ្លៃ។ បើយោងតាមសារព័ត៌មានPuget Sound Business Journal បានឲ្យដឹងថា ធ្លាប់មានបុគ្គលិកមួយរូបដេញថ្លៃការចូលទស្សនានេះបានសម្រេចក្នុងតម្លៃ ៣៥ ០០០ដុល្លារ៕
ប្រភព៖Sabay