ព្រឹត្តិការណ៍

ប្រទេសជប៉ុន រៀបចំកម្មវិធីបង្ហាញអាវុធអភិវឌ្ឍន៍ពេញលេញជាលើកដំបូង

តូក្យូ៖ ការបង្ហាញអាវុធដែលមានលក្ខណៈពេញលេញលើកដំបូងរបស់ជប៉ុន បានបើកកាលពីថ្ងៃចន្ទដោយបង្កើតវេទិកាមួយដែលរដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងជួយដល់បច្ចេកវិទ្យាដែលខ្លួនត្រូវការ ដើម្បីប្រឆាំងនឹងការគំរាមកំហែងនានាដែលបង្កឡើងដោយប្រទេសចិន និងប្រទេសកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងការបង្ហាញអាវុធនោះដែរ ក្រុមអ្នកតវ៉ាប្រមាណ ២០០ នាក់បានប្រមូលផ្តុំគ្នានៅជិតច្រកចូលមជ្ឈមណ្ឌលសន្និបា តនៅជិតទីក្រុងតូក្យូ ដោយអំពាវនាវឱ្យបិទការតាំងពិពណ៌ដែលគាំទ្រដោយរដ្ឋាភិបាល ដោយពួកគេបានចាត់ទុកថា វាជាការមើលងាយដល់រដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេស។

ដោយមានការព្រួយបារម្ភពីការបង្កើនសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងកើត និងការរីកចម្រើនរបស់បច្ចេកវិទ្យាមីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជប៉ុនបានបង្កើនការចំណាយក្នុងវិស័យការពារជាតិក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះក្នុងតម្លៃប្រមាណ ៥០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយទិញយន្តហោះចម្បាំងបំបាំងកាយទំនើប ៗ របស់អាមេរិក ប្រព័ន្ធស្ទាក់ការពារមីស៊ីល និងប្រព័ន្ធរ៉ាដា។

លោកឧត្តមសេនីយ៍ ណាកាតានី អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរីជាន់ខ្ពស់បានប្រាប់រ៉យទ័រ នៅក្នុងកម្មវិធីនោះថា « បច្ចេកវិទ្យាកំពុងជឿនលឿនយ៉ាងឆាប់រហ័ស ហើយឧបករណ៍របស់យើង មិនអាចទប់ទល់នឹងអ្វីៗដូចជាក្បាលគ្រាប់ដែលមានលក្ខណៈលឿនជាងសំឡេង និងយន្តហោះគ្មានមនុស្សបើក»៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top