បាដាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ប្រភពពីមន្ត្រីបានប្រាប់ដល់ស៊ីនហួ នៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់ ពលរដ្ឋ ចំនួន២៤នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត បានរងរបួស នៅក្នុងពេលមានអគ្គីភ័យ ទ្រង់ទ្រាយធំ កើតឡើងក្នុងមន្ទីរពេទ្យមួយ ដែលព្យាបាលអ្នកជំងឺកូរ៉ូណា នៅរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់ ។
សេចក្តីថ្លែងការណ៍មួយចេញ ដោយក្រុមការពារជនស៊ីវិល របស់ប្រទេសបានឲ្យដឹងថា ឧប្បត្តិហេតុ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅគ្រាដែលបំពង់ផ្ទុកអុកស៊ីសែន មួយចំនួនបានផ្ទុះឡើង ដែលបង្កឲ្យមានអគ្គីភ័យ ទ្រង់ទ្រាយធំ នៅឯមន្ទីរពេទ្យ Ibn al-Khatib ដែលជាកន្លែងព្យាបាលអ្នកជំងឺកូរ៉ូណា ស្ថិតនៅភាគខាងកើតនៃរដ្ឋធានី ។
ក្រុមការងារការពារជនស៊ីវិល និងរថយន្តពន្លត់អគ្គីភ័យ បានមកដល់កន្លែង កើតហេតុ ដើម្បីពន្លត់ភ្លើង ដែលកំពុងឆាបឆេះ និងអាចទប់ស្កាត់ភ្លើង ដែលបានកើតចេញពីជាន់លើអគារបាន ។ នៅក្នុងសេចក្តីថ្លែងការណ៍ បានដាក់ដូច្នេះ ។
នៅក្នុងសេចក្តីថ្លែង ការណ៍បានដាក់ថា ពួកគេ ក៏បានជួយសង្គ្រោះអ្នកជំងឺ បានប្រមាណ៩០នាក់ និងក្រុមបុគ្គលិកពេទ្យ ដែលនៅបរិវេណ ដែលគ្របដណ្តប់ដោយអណ្តាត ភ្លើងនៅក្នុងអគារនោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា “អ្នកជំងឺជាច្រើននាក់ បានរងនូវផលប៉ះពាល់ដោយខ្វះខាតបំពង់អុកស៊ីសែន ក្នុងអំឡុងពេលធ្វើការជម្លៀស ចេញពីមន្ទីរពេទ្យ ហើយអ្នកផ្សេងទៀត បានរងគ្រោះដោយសារផ្សែង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា