ព័ត៌មានអន្តរជាតិ

លោក ចូ ប៊ីដិន ប្រាប់ប្រធានាធិបតីចិនថា អាមេរិកនឹងរក្សាវត្តមាន យោធារឹងមាំ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចគ្នានឹងអង្គការ ណាតូ នៅអឺរ៉ុប

បរទេស ៖ មុននេះលោក ចូ ប៊ីដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ម្តង ហើយម្តងទៀតថា សហរដ្ឋអាមេរិកប្តេជ្ញា ដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើង ដោយប្រទេសចិន ក្នុងតំបន់ ស្របពេលដែលកំពុងខិតខំ ប្រឹងប្រែង ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងស្វែងរកជម្រើសការទូត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកចូ ប៊ីដិន បានថ្លែងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភាកាលពីថ្ងៃពុធថា លោកបានប្រាប់សមភាគីចិន គឺលោកស៊ីជិនពីងថា សហរដ្ឋអាមេរិកនឹងរក្សាជំហរ ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ ទោះបីជាខ្លួនមិនមែនកំពុងស្វែង រកជម្លោះក៏ដោយ។

លោក ចូ ប៊ីដិន បន្តថា សហរដ្ឋអាមេរិក នឹងរក្សាវត្តមានយោធារឹងមាំនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកដូចគ្នានឹងអង្គការ ណាតូ នៅអឺរ៉ុបដែរ ។

លោក Biden បាននិយាយ កាលពីថ្ងៃពុធ ប្រាប់សភាអាមេរិកថា « ខ្ញុំក៏បានប្រាប់លោកប្រធានាធិបតីស៊ីថា យើងនឹងរក្សាវត្តមាន យោធាដ៏ខ្លាំងមួយ នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកដូចគ្នា នឹងយើងធ្វើជាមួយណាតូនៅអឺរ៉ុបដែរ – មិនមែនដើម្បីចាប់ផ្តើមជម្លោះទេ” ប៉ុន្តែដើម្បីការពារជម្លោះ» ។

តាមលោក ចូ ប៊ីដិន, អាមេរិក នឹងប្រឆាំង នឹងការធ្វើពាណិជ្ជកម្ម ដោយ អយុត្តិធម៌ ដែលជះឥទ្ធិពលដល់ផល ប្រយោជន៍របស់កម្មករ និងក្រុមហ៊ុនអាមេរិក ហើយនឹងប្រឆាំងផងដែរ ដើម្បីធានា ថា បណ្តាប្រទេសផ្សេងទៀត រួមទាំងប្រទេសចិន ដើរតួដោយច្បាប់ដូចគ្នា នៅក្នុងសេដ្ឋកិច្ចពិភពលោក ដូចសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញពីជំនឿ របស់លោកផងដែរថា សហរដ្ឋអាមេរិកស្ថិត នៅក្នុងស្ថានភាពប្រកួតប្រជែង ជាមួយប្រទេសចិន និងប្រទេសជាច្រើនទៀត សម្រាប់ភាព ជាអ្នកដឹកនាំ នៅសតវត្សរ៍ទី ២១ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top