ព័ត៌មានអន្តរជាតិ

អាមេរិក អង់គ្លេស បារាំងនិងអូស្ត្រាលី បញ្ចប់សមយុទ្ធប្រឆាំង គ្រាប់មីនសមុទ្រ

បរទេស​ ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបញ្ចប់សមយុទ្ធ ប្រមាញ់គ្រាប់មីនពហុភាគី ដែលធ្វើឡើងជាមួយកងទ័ពជើងទឹក របស់ប្រទេសអង់គ្លេស បារាំងនិងអូស្ត្រាលី នៅក្នុងឈូងសមុទ្រអារ៉ាប់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា សមយុទ្ធ Artemis Trident 21 ដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវការប្រមាញ់គ្រាប់មីននេះ បានចាប់ផ្តើមនៅថ្ងៃទី១៨ ខែមេសា និងបានប្រព្រឹត្តទៅអស់រយៈពេល១១ថ្ងៃ ។

លោក Don Crosbie ជាមេបញ្ជាការរង នៃកងកម្លាំងលេខ៥២ ដែលមានបុគ្គលិកមកពីអាមេរិក អង់គ្លេសនិងអូស្ត្រាលី បានមានប្រសាសន៍ ក្នុងសេចក្តីប្រកាសព័ត៌មានមួយដូច្នេះថា “ សមយុទ្ធនេះ ដើរតួនាទីជួយធ្វើឲ្យប្រសើរឡើងវិញ នូវដំណើរការរបស់យើង ក្នុងនាមជាកងកម្លាំង MCM ពុហជាតិ” ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមាន ប្រសាសន៍បន្តយ៉ាងដូច្នេះថា “យើងមានចិត្តរំភើបដែលអាចដាក់បញ្ចូលគ្នា នូវបច្ចេកវិទ្យាជំនាន់ថ្មី ជាមួយសមត្ថភាពបច្ចុប្បន្នរបស់យើង ក្នុងគោលបំណងធ្វើឲ្យកាន់ តែប្រសើរ នូវការត្រៀមលក្ខណៈរួចរាល់ទាំង ស្រុងរបស់យើង”៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top