ព័ត៌មានអន្តរជាតិ

កងកម្លាំងអាល្លឺម៉ង់ បញ្ចប់បេសកកម្ម ហ្វឹកហាត់ នៅអាហ្វហ្គានីស្ថាន មុនការដកចេញ

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយថា យោធាអាល្លឺម៉ង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងបញ្ចប់ការបង្វឹកកងកម្លាំងក្នុងតំបន់ នៅថ្ងៃសុក្រនេះ ហើយផ្តោតការយកចិត្តទុកដាក់លើការដកទ័ព ចេញពីប្រទេសនេះ ស្របពេលដែលសហរដ្ឋអាមេរិក និងណាតូបានបញ្ចប់បេសកកម្ម របស់ពួកគេ ក្រោយពេលជិត២ទសវត្ស ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសម្ពន្ធមិត្តយោធាលោកខាងលិច បានធ្វើការប្រកាសនៅពាក់កណ្ដាលខែមេសាថា ពួកគេនឹងដកកងទ័ពបរទេសប្រមាណ១០.០០០នាក់ ដែលកំពុងមានវត្តមានក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ ខែកញ្ញា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ មានកងកម្លាំងយោធាច្រើនបំផុត លំដាប់ទីពីរនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ដោយមានកងទ័ពប្រមាណ១.១០០នាក់ ។

គួរបញ្ជាក់ថា ទីក្រុងប៊ែកឡាំង បានបញ្ជូនកងទ័ពខ្លួនជាង១០០.០០០នាក់ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលជាង២ទសវត្សកន្លងមក ហើយពួកគេភាគច្រើន បានបម្រើការនៅក្នុងប្រទេសនោះ ច្រើនជាងមួយលើក ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top